ប្រយ័ត្នទាំងអស់គ្នាពេលនេះ ខេត្ត២២របស់ប្រទេសថៃ កំពុងវាយប្រហារដោយសារ​ខ្យល់ព្យុះ និង​ជំនន់ទឹកភ្លៀង

143

បើ​តាម​មន្ត្រី​​ជាន់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ថៃ​​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២០ ខែ​កញ្ញា ឆ្នាំ ២០២០​ម្សិលមិញ​នេះ​ថា ខណៈ​ពេល​នេះ​ខេត្ត​ចំនួន​២២ នៅ​ប្រទេស​ថៃ​កំពុង​តែ​វាយ​ប្រហារ​ដោយសារ​ខ្យល់​​ព្យុះ​ និង​ជំនន់​ទឹក​ភ្លៀង​ដែល​បង្ករ​ឡើង​ដោយ​ព្យុះត្រូពិកហៅថា “នូល”។

លោក Chayaphol Thitisak អគ្គនាយកនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បាននិយាយថា ជំនន់​ទឹក​ភ្លៀ​ង​​ និង​ភ្លៀងធ្លាក់ឥតឈប់ឈរ​ដែលបណ្តាល​មក​ពីព្យុះត្រូពិកនេះ​បានគ្របដណ្តប់លើតំបន់ទាំងអស់នៃប្រទេស​ដោយបានធ្វើឲ្យ​ខូ​ច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ កសិដ្ឋាន ភូមិនិងទ្រព្យសម្បត្តិផ្សេងទៀត​នៅក្នុងខេត្តចំនួន២២ក្នុងរយៈ​ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

យោងតាមអគ្គនាយក DDPM បានឲ្យដឹងថា គ្រួសារប្រហែល១,៤០០គ្រួសារក្នុង២២៤ភូមិ​នៅខេត្តទាំងនោះត្រូវបានបំផ្លាញ​ដោយ​សារ​ព្យុះត្រូពិកនេះ។ ចំណែកនៅភាគខាង​ត្បូងប្រទេសឡាវវិញ ព្យុះ នូល បានវាយប្រហារចាប់តាំងពីថ្ងៃ​សុក្រ ទី​១៨ ​ខែ​កញ្ញា​មក​ប​ន្ទា​ប់​ពីបានឆ្លងកាត់ប្រទេសវៀតណាមដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ទៅតំបន់ជាច្រើន។

នៅខេត្ត Xekong ផ្លូវធំក្នុងស្រុក Ta-oy ត្រូវបានជន់លិច​ដែលជាហេតុ​បង្កបញ្ហា​ដល់​ចរាចរណ៍។​រោងចក្រវារីអគ្គិសនី Xe-kaman 3​ ដែលមានទីតាំងក្នុងស្រុក Dakcheung ខេត្ត Xekong បានចាប់ផ្តើមបញ្ចេញទឹកដើម្បី​គ្រប់​គ្រង​កម្រិត​ទឹកនៅក្នុងអាង​ស្តុកដោយបង្ហូរ​ទឹកពី៣០ទៅ១០០ម៉ែត្រគូបក្នុងមួយវិនាទី។

នៅខេត្ត Champassak ទឹកបានជន់លិចផ្នែកខ្លះនៃទីក្រុង Pakxe នៅពេលដែលលូរមិន​អាចទប់ទល់នឹងលំហូរទឹកជំនន់បាន។ខ្យ​ល់​បក់​ខ្លាំងក៏បានផ្តួលរំលំដើមឈើ បង្គោល​ភ្លើងនិងកាត់ផ្តាច់បណ្តាញអគ្គិសនីនៅផ្នែកខ្លះនៃខេត្ត Saravan, Champassak និង Xe​kong ​ផងដែរ៕