ក្រៅពីជួយឧបត្ថម្ភថវិកាដល់បុរសពិកាធ្លាក់ពីលើចុងត្នោត ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួយសាងសង់ផ្ទះទេវតា១ខ្នងជូនទៀត

18

ដោយមើលឃើញនូវការលំបាករបស់លោក ពូ ប្រាក់ សារឿន​ អាយុ​៦២ឆ្នាំ​ ពិការ​ជើង​ដោយ​សារធ្លាក់ពីលើ​ចុងត្នោតកាលពីឆ្នាំ១៩៧៩ គ្រាដែលប្រទេសកម្ពុជា​ទើបតែរំដោះ​ចេញ​ពីរបប​ប្រល័យពូជសាសន៍ ប៉ុល ពត គ្មានពេទ្យ គ្មានថ្នាំព្យាបាល ធ្វើឱ្យជំងឺលោក​ពូបន្ត​រាំរ៉ៃរយៈ​ពេល៤០ឆ្នាំ មកដល់បច្ចុប្បន្នក៏មិនអាចព្យាបាលបាន ដោយសារ​អវៈយវៈមួយ​កំណាត់​ក្រោមបាន​ខូចកំរើកមិនកើត លោកពូរស់នៅ​ភូមិ​កន្សោមអក​ ឃុំ​ព្រៃខ្លា​ ស្រុក​កោះ​អណ្ដែត​ ខេត្ត​តាកែវ មានបងប្អូនចំនួន០៦នាក់ មានគ្រួសារ២នាក់ ស្លាប់១នាក់ ១នាក់ចេញ​ទៅធ្វើ​ការនៅខេត្តផ្សេង ១នាក់ពិការជើងម្ខាង និងម្តាយចាស់ជរា អាយុ៨៥​ឆ្នាំរស់នៅជាមួយគ្នា។

នាយប់ថ្ងៃពុធ ៨ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យ​លោក​ ជិន​ ប៊ុនធឿន​ នាយករងរដ្ឋបាលរាជធានីភ្នំពេញ​ និងជានាយក​សាខាកាកបាទ​ក្រហមកម្ពុជា​រាជធានីភ្នំពេញ​ និងឯកឧត្ដម វេជ្ជបណ្ឌិត លី​ សុខី​ ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ​ ហ៊ុន​ សែន​ ចុះពិនិត្យផ្ទាល់ពីស្ថានភាពជំងឺរបស់លោក ប្រាក់ សារឿន​ ។

បន្ទាប់​ពី​ចុះទៅដល់​ក្រុមការងារបានពិនិត្យ​ឃើញពីស្ថានភាពលំបាកខ្វះខាត​ក្នុងជីវភាពជាក់​ស្តែង​ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ បានសម្រេចអោយសាងសង់ផ្ទះទេវតាជូន១ខ្នង ជាអំណោយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជំនួសផ្ទះ​ចាស់​ដែលមានសភាពទ្រុឌទ្រោម ធ្លុះធ្លាយជូនគ្រួសារលោកពូ ប្រាក់ សារឿន ដើម្បីសម្រាលទុក្ខលំបាកមួយចំនួនធំ៕

 

ប្រភព៖ អគុណ៧មករា អគុណសន្ដិភាព