
ក្រោយពីទទួលបានការគាំទ្រខ្លាំង នៅលើហ្វេសប៊ុកផេកទូរទស្សន៍បាយ័ន និង Youtube ផ្លូវការរបស់សាស្ត្រាហ្វៀម (SATRA FILM ) រួចមកឥឡូវនេះរឿង “ពោះធំ” បានកំណត់ថ្ងៃដាក់បញ្ចាំងនៅរោងកុនហើយ។
បើតាមហ្វេសប៊ុកផេកផ្លូវការរបស់ Pous Thom The Movie បានប្រកាសថារឿង “ពោះធំ” Version រោងកុនត្រៀមនឹងសម្ពោធចាក់បញ្ចាំងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះហើយ។ រឿង “ពោះធំ” ជាប្រភេទភាពយន្តបែបកម្សត់បង្កប់ទៅដោយអត្ថន័យអប់រំជាច្រើនក្នុងរឿង ពិសេសគឺផ្ដោតសំខាន់ទៅលើមិត្តយុវវ័យតែម្ដង ដែលឆាប់ប្រឡូករឿងផ្លូវភេទទាំងខ្លួននៅវ័យក្មេង។
ជាក់ស្ដែងក្នុងភាពយន្ត”ពោះធំ” នេះតួឯកប្រុសស្រីក្នុងរឿងគឺជាសិស្សសាលាកំពុងតែសិក្សានៅថ្នាក់វិទ្យាល័យ តែពួកគេទាំងពីរបានស្រឡាញ់ទាក់ទងគ្នាជ្រុលជ្រួសរហូតដល់មានកូនដោយមិនបានព្រៀងទុក។ ក្រោយមកគូស្នេហ៍វ័យក្មេងមួយគូនេះត្រូវបានចាកចេញពីផ្ទះទៅរស់នៅតែពីរនាក់បន្ទាប់ពីបែកធ្លាយរឿងដល់ឪពុកម្ដាយ។
គួរបញ្ជាក់ថារឿង “ពោះធំ” ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះគឺជា Version ថ្មីដែលអ្នកទស្សនាឆ្ងល់កាលពីវគ្គ១កន្លងទៅ។ ដូច្នេះប្រសិនបើពុកម៉ែបងប្អូនចង់ដឹងថា Version ថ្មីនេះមានឈុតឆាកខុសប្លែកយ៉ាងណា ក្រោយពីតួឯកប្រុសស្រីចេញពីផ្ទះមករស់នៅក្រៅតែពីរនាក់នោះកុំភ្លេចតាមដានទាំងអស់គ្នា នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះហើយ៕