
បើតាមការចុះផ្សាយសារព័ត៌មាន Reuters បានឲ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុអាម៉ូញ៉ូមនីត្រាតនៅក្នុងរដ្ឋធានីបៃរូត បានបន្តកើនឡើងដល់ ១៣៥នាក់ ខណៈអ្នករងរបួសកើនឡើងជាង៥ពាន់នាក់។
ក្រោយហេតុការណ៍ដ៏កាចសាហាវនេះហើយលោកនាយករដ្ឋមន្ត្រីនៃប្រទេសលីបង់ បានប្រកាសកាន់ទុក្ខរយៈពេល៣ ថ្ងៃផងដែរ។ ក្នុងនោះលោកនាយករដ្ឋមន្ត្រីបានស្ដីបន្ទោសចំពោះករណីដែលបណ្ដាលឲ្យកើតហេតុការណ៍នេះឡើងថាជាការធ្វេសប្រហែសចំពោះសកម្មភាពយកសារធាតុផ្ទុះទៅស្តុកទុកក្នុងឃ្លាំងនៅក្បែរកំពង់ផែអស់រយៈពេល ៦ឆ្នាំ ទាំងមិនមានវិធានការការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះដែរ អភិបាលក្រុងបៃរូត បានឱ្យដឹងថា ប្រជាជនប្រមាណ ៣០ម៉ឺននាក់ ត្រូវបាត់បង់ផ្ទះសម្បែង ហើយអាជ្ញាធរបាននឹងកំពុងធ្វើការផ្តល់ស្បៀងអាហារ និងទឹក ក៏ដូចជារៀបចំទីជម្រកដល់ជនរងគ្រោះឱ្យស្នាក់នៅបណ្តោះអាសន្នសិន។
ចំពោះសោកនាដកម្មដ៏សាហាវនេះដែរ បានធ្វើឱ្យកក្រើកនៅក្នុងរដ្ឋធានីបៃរូត ដោយបង្កឲ្យមានការខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈដែលប្រទេសលីបង់ទើបតែបានធូរស្រាលមួយកម្រិត ពីបញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការឆ្លងរាតត្បាតនៃជំងឺកាចសាហាវកូវីដ១៩។ ហើយបើតាមការលើកឡើងរបស់អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នេះ អាចនឹងកើនឡើងបន្តទៀត៕