
ជារឿងមួយនឹកស្មានមិនដល់ពីបុគ្គលិកដែលមានប្រាក់ខែ ៦០ដុល្លារក្នុង១ខែតែកំលោះសង្ហា សៀង វណ្ឌី បានផ្លាស់ប្ដូរជីវិតខ្លួនឯងក្លាយជាម្ចាស់ក្រុមហ៊ុនដែលមានអាជីវកម្មជាច្រើននៅក្នុងដៃដោយទទួលបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារក្នុង១ខែៗនាពេលបច្ចុប្បន្ន។
ជួបសម្ភាសន៍ជាមួយវិបសាយ Dermdoung News លោក សៀង វណ្ឌី បានឲ្យដឹងថា មុនក្លាយម្ចាស់ក្រុមហ៊ុនដូចសព្វថ្ងៃនេះ ដំបូងឡើយលោក គឺជាក្មេងប្រុសម្នាក់ដែលធ្វើការនៅក្នុងហាងមួយកន្លែងក្នុងទីក្រុងភ្នំពេញដោយទទួលបានប្រាក់ខែ ៦០ដុល្លារក្នុង១ខែដើម្បីយកមកដោះការសិក្សារៀនសូត្រ និងការចាយវាយប្រចាំថ្ងៃ។ត្បិតប្រាក់ខែ៦០ដុល្លារតិចមែនពិតតែកំលោះសង្ហា សៀង វណ្ឌី សប្បាយរីករាយក្នុងការទទួលយកព្រោះវាជាប្រាក់ខែដំបូង ដែលបានមកពីកម្លាំងញើសឈាមរបស់លោកសុទ្ធសាធ។
ដោយសារតែមានឈាមជ័រជាកូនកាត់ចិន ធ្វើការឲ្យគេមិនបានប៉ុន្មានផងកំលោះសង្ហា សៀង វណ្ឌី ក៏មានគំនិតចង់បើកអាជីវកម្មដោយខ្លួនឯង មិនចង់ធ្វើការឲ្យគេទៀតនោះទេ តែលោកមិនដឹងធ្វើយ៉ាងណាព្រោះគ្មានដើមទុនក្នុងការបើក បានត្រឹមតែគិតនិងស្រមើលស្រម៉ៃតែប៉ុណ្ណោះ។
ក្ដីស្រម៉ៃចង់ក្លាយជាម្ចាស់អាជីវកម្មមួយរូប មិនបានធ្វើឲ្យលោក សៀង វណ្ឌី ខកចិត្តឡើយនៅទីបំផុតលោក ក៏បានក្លាយជាអគ្គនាយកនៅក្រុមហ៊ុន Seang Vandy cosmetic co.,Ltd ក្រោមការជួយជួយជ្រោមជ្រែងពីសំណាក់ថៅកែក្រុមហ៊ុន ក្រោយដឹងថាលោក មានចិត្តគំនិតចង់រកស៊ីមិនចង់ធ្វើការឲ្យគេ។ មួយវិញទៀតដោយសារតែថៅក្រុមហ៊ុនមើលឃើញថាលោក ជាក្មេងប្រុសម្នាក់ដែលឆ្លាត ប្រសិនបើបើកអាជីវកម្មផ្ទាល់ខ្លួនប្រាកដជាជោគជ័យមិនខាន់។
ការជឿជាក់ និងជួយជ្រោមជ្រែងពីថៅកែក្រុមហ៊ុនដែលឲ្យរូបលោក បង់រលស់ដើមទុនជារៀងរាល់ខែនោះមិនបានធ្វើឲ្យពួកគាត់ខកបំណងឡើយនៅទីបំផុតលោក សៀង វណ្ឌី ក៏ធ្វើវាបានជោគជ័យដោយលោក បានបើកភោជនីយដ្ឋានអាហារបួស E&F Vegetarian ដែលមានទីតាំង Shop House ផ្សារទំនើបអូឡាំព្យា ក្រោយផ្សារកសិផលរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា មួយទៀតដោយចំណាយដើមទុនជិត២០ម៉ឺនដុល្លារឯមេរិកឯណោះកាលពីពេលថ្មីៗនេះ។
ក្រោយបើកដំណើរការបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះតែគេសង្កេតឃើញថា ភោជនីយដ្ឋានអាហារបួស E&F Vegetarian របស់លោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវខ្មែរនិងបរទេសផងដែរ។
បច្ចុប្បន្ននេះលោក សៀវ វណ្ឌី ជោគជ័យជាមួយអាជីវកម្ម២ក្នុងដៃទាំងវ័យក្មេងដោយលោក ក្រុមហ៊ុន Seang Vandy cosmetic co.,Ltd និងភោជនីយដ្ឋានអាហារបួស E&F Vegetarian៕