ស្រឡាញ់កម្ពុជាខ្លាំងពេក! ក្រោយចូលនិវត្តន៍ ទូតពាណិជ្ជកម្មថៃ សម្រេចចិត្តបើកមុខជំនួញ ធំ១កណ្ដាលក្រុងភ្នំពេញ

374

ដោយសារតែស្រឡាញ់ទឹកដីកម្ពុជាយ៉ាងខ្លាំង ក្រោយពេលចូលនិវត្តន៍ លោកស្រី ជីរ៉ាណាន់  វង្សមង្គល ដែលគ្រប់គ្នាស្គាល់ថាជា ទូតពាណិជ្ជកម្មថៃ ប្រចាំស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា បានសម្រេចចិត្តបើកហាង កាហ្វេមួយកន្លែង នៅរាជធានីភ្នំពេញ ដែលមានឈ្មោះថា កាហ្វេអ៊ីនថៈនីន (Inthanin) ។

ពេលជួបសម្ភាសន៍ជាមួយវិបសាយ Dermdoung News លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានពោលថា លោកស្រីបានមកធ្វើការនៅប្រទេសកម្ពុជាក្នុងនាមជា មន្រ្តីការទូត ប្រចាំស្ថាន ទូតព្រះរាជាណាចក្រថៃ ប្រចាំនៅប្រទេស   កម្ពុជា ចំនួន ២ អាណត្តិ  ហើយតាមធម្មតាក្នុង ១ អាណត្តិមានរយៈពេល ៥ ឆ្នាំ។ អាណត្តិទី១ ដែលលោកស្រី បានមកធ្វើការ នៅប្រទេស កម្ពុជា ក្នុងតំណែង ទីប្រឹក្សាពាណិជ្ជកម្ម ចាប់ពីឆ្នាំ១៩៩២ ដល់ ១៩៩៧។

ក្រោយពេលចប់អាណត្តិទី១ លោកស្រី ជីរ៉ាណាន់ វង្សមង្គល  និងស្វាមីព្រម ទាំងកូនប្រុស ស្រីទាំងពីរនាក់បានត្រឡប់ទៅរស់នៅប្រទេសថៃវិញ។ ពេលវិលត្រឡប់ ទៅរស់នៅមាតុភូមិ កំណើតបានតែរយៈពេល៤ឆ្នាំប៉ុណ្ណោះលោកស្រីក៏ត្រូវបានរាជរដ្ឋាភិបាលថៃតែងតាំងឲ្យធ្វើជាទូតពាណិជ្ជកម្មថៃប្រចាំស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំនៅប្រទេសកម្ពុជា ក្នុងអាណត្តិទី២ ដោយសាររាជ រដ្ឋាភិបាលថៃបានពិនិត្យឃើញថា លោកស្រី បំពេញការងារ បានល្អកាល ពីអាណត្តិមុន។

នៅក្នុងអាណត្តិទី២នេះលោកស្រី បានបំរើការងារអស់រយៈពេល១៥ ឆ្នាំគឺចាប់ពីឆ្នាំ  ២០០១ ដល់ ២០១៦ពោលគឺរហូតដល់ពេល ដែលលោកស្រីត្រូវចូលនិវត្តន៍ ក្នុងឆ្នាំ២០១៦។ បច្ចុប្បន្ន នេះទោះបីជាលោកស្រីបានចូលនិវត្តន៍ហើយក៏ដោយលោកស្រីត្រូវបានរាជរដ្ឋាភិបាលថៃតែងតាំងជាទីប្រឹក្សាពាណិកម្មថៃប្រចាំនៅប្រទេសកម្ពុជា។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានពោលបន្ថែមថា៖ “ទោះបីជារាជរដ្ឋាភិបាល ថៃបានផ្លាស់ ប្ដូរជាច្រើនអាណត្តិក៏ដោយ នាងខ្ញុំនៅតែបំរើការងារជា ទូតពាណិជ្ជកម្មថៃប្រចាំ នៅ ប្រទេស កម្ពុជាដដែល។ ក្នុងកំឡុងពេលកាន់តំណែងជា ទូតពាណិកម្មថៃ  នាងខ្ញុំបានធ្វើ ឲ្យប្រជាជន កម្ពុជាពេញចិត្តយ៉ាងខ្លាំងមានន័យថាទាំងភាគីថៃនិងភាគីកម្ពុជាចូលចិត្តនិងស្រឡាញ់រាប់អានលោកស្រីគ្រប់ ៗគ្នា។

ហេតុដូច្នេះនៅពេលនាងខ្ញុំចូលនិវត្តន៍រាជរដ្ឋាភិបាលថៃ នៅតែឲ្យនាងខ្ញុំ បំរើការងារ ក្នុង តំណែងជាទីប្រឹក្សាពាណិកជ្ជកម្មថៃប្រចាំនៅប្រទេសកម្ពុជា។ប្រសិនបើជាបុគ្គលផ្សេងវិញពេលចប់អាណត្តិហើយគឺចប់តែម្តង ប៉ុន្តែសម្រាប់នាងខ្ញុំ គឺមិនអញ្ចឹងទេ វាជាករណីពិសេស ពីព្រោះនាងខ្ញុំបានបំពេញការងារយ៉ាងល្អនាពេលកន្លងមក”។

 

 

កំឡុងពេលបំពេញការងារនៅប្រទេសកម្ពុជាជាង២០ឆ្នាំកន្លងមកនេះ លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានទទួលគ្រឿងឥស្សរយសពីរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ដោយសារ លោកស្រី ជាបុគ្គលមួយរូបដែលបានជួយបង្កើនទំនាក់ទំនងយ៉ាងល្អរវាងប្រទេសទាំងពីរទាំងផ្នែកវប្បធម៌ សាសនា និងប្រពៃណី ព្រមទាំងបានជួយ
ពង្រើកការធ្វើពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំងពីរទៀតផង ។

បន្ទាប់ពីបានបំពេញការងារនិងរស់នៅប្រទេសកម្ពុជាជាង២០ឆ្នាំកន្លងមកនេះ ទើបធ្វើឲ្យលោកស្រី ជីរ៉ាណាន់ វង្សមង្គល សម្រេចចិត្តបើកហាងការហ្វេរ អ៊ីនថៈនីន នៅរាជធានីភ្នំពេញដែលមានទីតាំងនៅផ្ទះលេខ ១០ ផ្លូវ ៣៦០ កែងផ្លូវ ៥១ សង្កាត់បឹងកេងកង រាធានីភ្នំពេញ។

លោកស្រីបានបញ្ជាក់បន្ថែមថា ៖” ការរស់នៅជាង២០ឆ្នាំនៅប្រទេសកម្ពុជានេះ ធ្វើឲ្យនាងខ្ញុំ ជាប់ចិត្តស្រឡាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំង ជាពិសេសប្រជាជនកម្ពុជា ពួកគាត់មានស្នាមញញឹមរួសរាយរាក់ទាក់យ៉ាងខ្លាំង។ ហេតុនេះ ទើបនាងខ្ញុំសម្រចបើកហាងការហ្វេអ៊ីនថៈនីន ដែលជាកាហ្វេសរីរាង ដែលធ្វើឲ្យបងប្អូនខ្មែរទទួលទានហើយមិនញ័រសាច់ ព្រមទាំងជំនួយដល់សុខភាពទៀតផង”៕