
អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុកមួយចំនួនប្រាកដជាបានដឹងហើយថាមួយរយៈចុងក្រោយនេះតារាចម្រៀង តន់ ចន្ទសីម៉ា កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងស្ទើរតែគ្រប់បទចម្រៀងរបស់នាង ទទួលបានការគាំទ្រពីមហាជន។
សាងភាពល្បីល្បាញត្រឹមមួយប៉ប្រិចភ្នែកនេះហើយទើបបណ្ដាក្រុមហ៊ុនតូចធំមួយចំនួននៅក្នុងប្រទេសកម្ពុជា ទាក់ទងឲ្យនាង ថតស្ប៉តជាបន្តបន្ទាប់ស្ទើរតែរកពេលសម្រាកគ្មាន។ ជាក់ស្ដែងថ្មីៗនេះនាង ត្រូវបានសម្អាងការមួយពេញចិត្តហើយទាក់ទងឲ្យថតដោយចាប់ដៃគូជាមួយលោក ខេម មើលទៅអ្នកទាំងពីរស្រស់ស្អាត និងសមគ្នាខ្លាំងណាស់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺតម្លៃខ្លួនរបស់ តន់ ចន្ទសីម៉ា ស៊ីថ្លៃខ្លួនកប់ពពកដោយគ្រាន់តែថតសម្អាងការមួយថ្ងៃសោះទទួលបានរាប់ម៉ឺនដុល្លារ។បើតាមហ្វេសប៊ុករបស់លោកយឹម តាស្រង់ អ្នកនិពន្ធ នៅក្នុងផលិតកម្ម Galaxy Navatra បានបង្ហោះសារថា “តារាស្រីល្បីគ្រាន់តែថតរូបសំអាងការ១ថ្ងៃបាន ២០០០០ ដុល្លារអាមេរិក រួចហើយយកមកចែកអ្នកនិពន្ធ ២០ភាគរយទៀត នេះហើយបានម្នាក់ៗគេចង់ល្បីណាស់ អត់ត្រូវថ្លៃច្រៀងឬថតឲ្យនៅដេកផ្ទះញ៉ាំបាយហូបបន្លែត្រីសាច់ផ្សារឡេង ណាវ៉ាត្រាផ្គត់ផ្គង់ឲ្យ”។
គួររម្លឹកថាតារាចម្រៀង តន់ ចន្ទសីម៉ា មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់ចាប់តាំងពីនាង ចូលក្នុងផលិតកម្ម Galaxy Navatra ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ពេលកញ្ញាចាប់ដៃគូរជាមួយតារាចម្រៀង ខ្មែរ និងថៃ ធ្វើការបកស្រាយបទចម្រៀងរួមគ្នា រឹតតែធ្វើឲ្យមហាជន ជាច្រើនគាំទ្រ៕
អត្ថបទ៖ សុភា ដានេត