បន្ទាប់ពីផ្ទុះការគាំទ្រវគ្គ១ ឥឡូវ ភីអិនអិន ក្រុងពាលីផ្ដើមថតរឿងខ្មែរ “អ្នកម៉ាក់វ័យក្មេង” វគ្គ២

91

ទស្សនិកជន ដែលនិយមតាមដានទស្សនាភាពយន្តភាគខ្មែរនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ធ្លាប់បានទស្សនារួចមកហើយរឿងភាគ “អ្នកម៉ាក់វ័យក្មេង”។ ដោយឃើញសន្ទុះ នៃការ គាំទ្រ កាន់តែខ្លាំងទៅលើសាច់រឿងមួយនេះស្ថានីយទូរទស្សន៍ភីអិនអិន បានបន្តសហការ ជាមួយ នឹងផលិតកម្ម អិលឌី ផលិតរឿង អ្នកម៉ាក់វ័យក្មេងវគ្គ២។


នាថ្ងៃសុក្រ ទី ១៧ ខែកក្កដា ឆ្នាំ ២០២០ រឿង អ្នកម៉ាក់វ័យក្មេង វគ្គ២ ត្រូវបានធ្វើពិធីក្រុង ពាលី ផ្ដើមថតជាផ្លូវការ ដោយមានការចូលរួមកុះករពីសំណាក់តារាសម្តែងតួធំៗ និងភ្ញៀវ កត្តិយស យ៉ាងច្រើន។ ក្នុងនោះរួមមាន លោក នូ ឧសភាព ( តួឯកប្រុស) កញ្ញា ឈិន មុន្នីនាថ( តួឯកស្រី) កុមារី ម៉ានីកា លោក អុំ សុវណ្ណគិរី កញ្ញា ស៊ុយ បូណាវីន កញ្ញា ពេជ្រ ចរណៃ លោក ណារ៉ាឌី លោក សុភ័ក្រ កញ្ញា កញ្ញា លោក ស៊ីនី អ្នកស្រី សក្ខណា អ្នកស្រី រ៉េត រ៉ូស អ្នកស្រី ឡាញ់ សូនី អ្នកស្រី វ៉ាន់ ថង លោក វុធ ថាណាក់  រួមទាំងតារាសម្តែងជាច្រើនដួងទៀត។

ជាមួយគ្នានេះដែរ ប្រធានគ្រប់គ្រងកម្មវិធីប្រចាំឲ្យស្ថានីយ៍ទូរទស្សន៍ភីអិនអិន កញ្ញា ទូច បុប្ផា បានលើកឡើងថា “ចំពោះរឿងភាគ “អ្នកម៉ាក់វ័យក្មេង” វគ្គ១ គឺយើងផលិត​ឡើងក្នុងន័យបង្វែរ​អារម្មណ៍​ទស្សនិកជនអោយមើលឃើញនូវចន្លោះខ្វះខាតក្នុងការចិញ្ចឹមបីបាច់ និងកង្វះ​ខាត​នូវផ្តល់ភាពកក់ក្តៅដល់កូនៗនាសម័យឌីជីថល ហើយយើង​ក៏ទទួលបាននូវ​ការ​គាំទ្រ​លើសពី​ការរំពឹងទុកពីទស្សនិកជនទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត ដែល​ឃ្លីបភាគ​ច្រើននៃរឿងនេះទទួលបានការទស្សនារហូតដល់ជាង១០លាន ហើយយើង​ក៏ទទួលបាន​នូវសំណូមពរជាច្រើនពីទស្សនិកជនអោយរឿងនេះមានវគ្គ២  ដូច្នេះហើយទើប​ក្រុមការងារ​យើងសម្រេចតែងនិពន្ធរឿង “អ្នកម៉ាក់វ័យក្មេង”  វគ្គ២ឡើងមក ដោយសាច់រឿងវគ្គ២ ចង់បង្ហាញពីតម្លៃនៃសុភមង្គលគ្រួសារ និងតួនាទីភរិយា និងស្វាមីដែល​ប្រើដំណើរ​ជីវិតរួមគ្នាដល់ចាស់រៀងៗខ្លួន ខ្ញុំសូមលើក​ទឹកចិត្តដល់គូ​ស្នេហ៍ភរិយាស្វាមី​ទាំងអស់​ចូលរួមទស្សនា និងគាំទ្រខ្សែភាគយន្តភាគនេះអោយបានគ្រប់ៗគ្នា”៕