ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះ សង្ឃដែលគង់ចាំព្រះវស្សាចំនួន២៤វត្តក្នុងខេត្តកំពង់ចាម

165

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយ ក្រុមការងារជាតំណាង នាំយកទេយ្យវត្ថុមួយចំនួនធំ នឹងបច្ច័យ ព្រមទាំងទៀន ព្រះវស្សា ដែលជាសទ្ធាដ៏ជ្រះថ្លារបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ប្រគេនព្រះ សង្ឃនៅតាមវត្តចំនួន២៤ ស្ថិតនៅក្នុងស្រុកចំនួន០៧ នៃខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

ពិធីប្រគេនទេយ្យវត្ថុនេះបានប្រារព្ធរួមក្នុងបរិវេណវត្តតាយ៉ើតក្នុង ស្ថិតនៅភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

១-ស្រុកកងមាសចំនួន០២វត្ត

២-ស្រុកបាធាយចំនួន០២វត្ត

៣-ស្រុកព្រៃឈរចំនួន០៤វត្ត

៤-ស្រុកកំពង់សៀមចំនួន០៤វត្ត

៥-ស្រុកចម្ការលើចំនួន០៤វត្ត

៦-ស្រុកស្ទឹងត្រង់ចំនួន០៦វត្ត

៧-ស្រុកកោះសូទិនចំនួន០២វត្ត

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តនីមួយៗមាន៖ អង្ករ១តោន, ទៀនព្រះវស្សា១គូរ, ត្រីខ១កេសធំ, ស្ករស៥គីឡូក្រាម, ប៊ីចេង៥គីឡូក្រាម, ទឹកត្រី២យួរ, ទឹកសុីអុីវ២យួរ, ទឹកផ្លែឈើ១០កេស, ទឹកដោះគោខាប់២កេសធំ, តែ២គីឡូក្រាម, មី៣កេសធំ, ថ្នាំពេទ្យ១កេស, កាហ្វេ២កញ្ចប់ធំ, សាប៊ូ៦០ដុំ, ជែលលាងដៃ១កេស និង បច្ច័យចំនួន ១លានរៀល។

ក្នុងឱកាសនោះដែរលោក ជិន ប៊ុនធឿន តំណាងឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចែកជូនលោកតា លោកយាយ ប្រជាពលរដ្ឋនូវឃីតម្នាក់ ១កញ្ចប់ដែល មានដូចជា សំលៀកបំពាក់ ជែលលាងដៃ សាប៊ូ និងថ្នាំពេទ្យមួយចំនួនទៀតផងដែរ។

ស្ថិតក្នុងបរិយាកាសដ៏រីករាយនោះប្រជាពលរដ្ឋមានសេចក្តីត្រេកអរជាខ្លាំងហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ដែលតែងតែគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋ និងសូមឱ្យលោកទាំងពីរជួបតែសេចក្តីសុខ និងពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ។

លើសពីនេះ លោក ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើរ សួរសុខ ទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូន លោកតា លោកយាយ បើទោះបីប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលបាន រឹតបន្តឹងនូវវិធាន ការការទប់ ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយពុំទាន់មានបងប្អូនណាម្នាក់ ស្លាប់ដោយ ជំងឺនេះ ក្តីក៏លោកពីរបានក្រើនរម្លឹកឱ្យបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩ ដូចជាការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន។