ម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យបើកកាស៊ីណូឡើងវិញ ក្រោយបិទទ្វារ​ច្រើនខែមកនេះ

151

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​អនុញ្ញាតឱ្យកាស៊ីណូនៅកម្ពុជាអាចបើកទ្វារដំណើរការឡើងវិញ តែត្រូវទៅជួបជាមួយ​ក្រសួងសុខាភិបាល ដើម្បីបំពេញនូវលក្ខខណ្ឌ​សុខាភិបាលក្នុងការបង្ការ​ការរីករាលដាល​ជំងឺកូវីដ១៩។

ដំណើរការនេះគឺសម្រាប់តែល្បែងភ្នាល់ និងស្លុតម៉ាស៊ីនប៉ុណ្ណោះ។ ការសម្រេច​របស់ស​ម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់លើទំព័រ Facebook យ៉ាងដូច្នេះថា «កិច្ចប្រជុំពេញ​អង្គគណៈ​រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតដល់​កាស៊ីណូមានលទ្ធភាព​បើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ។

កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់​លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការការពារជាមួយជំងឺកូវីដ-១៩»។ សូមបញ្ជាក់ថា កាលពី​ខែមេសា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបិទកាស៊ីណូនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៕

អត្ថបទ៖ ឈន់ ស៊ាងហៃ

ប្រភព Fresh News