មុនថ្ងៃប្រកួតមកដល់ក្លិបបាល់ទាត់ Tiffy Army FC ធ្វើពិធីប្រោសព្រំលើករាសី ផ្អើលវត្តសំរោង​ណ្ដែតកាលពីម្សិលមិញ

29

ក្លិបបាល់ទាត់ Tiffy Army FC (សមាគមនបាល់ទាត់ កងយោធពលខេមរភូមិន្ទ) កាលពីព្រឹក​ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ​នេះ​បានរៀបចំពិធីសូត្រមន្តប្រស់ព្រំ លើក​សីនៅវត្តសំរោងអណ្តែត មុនពេលបើកព្រឹត្តិការណ៍ការប្រកួតបាល់ទាត់លីគធំ (ពានរង្វាន់​មិត្តហ្វូន​ខេមបូឌាន ឆ្នាំ២០២០ )។

ទាំងមន្ត្រីសមាគមន៍បាល់ទាត់ កងយោធពលខេមរភូមិន្ទ ក្រុមគ្រូបង្កោល និង កីឡាករ​ទាំងអស់ បានរៀបចំពិធីសូត្រមន្តប្រស់ព្រំលើកសីនិងប្រគេនទេយ្យវត្ថុចំពោះ សម្តេចព្រះ​សាក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន និងព្រះសង្ឃ ចំនួន៩អង្គទាំងទៀត ក្រោមការ​ឧបត្ថម្ភ​ក្រុមហ៊ុនទឹកបរិសុទ្ធ លីយុង, ហ្វូងលាងមុខ ព្រីមណូប៊ុ, និងស្ថានីយទូរទស្សន៍លេខ៥។

លោក ស៊ុប៉ាឆៃ វីរៈពូជុង អគ្គនាយកស្ថានីយទូរទស្សន៍លេខ៥បានថ្លែងឱ្យដឹងថា ការរៀបចំ​ពិធីនេះ​ឡើងដើម្បី ឱ្យក្រុមកីឡាករបាល់ទាត់ សមាគមនបាល់ទាត់ កងយោធពលខេមរភូមិន្ទ ទទួលបានពរពីព្រះសង្ឃ ក៏ដូចជាការតាំងអារម្មណ៍និងទឹកចិត្តឱ្យល្អនិងស្ងៀមស្ងាត់ ប្រុងខ្លួន​សម្រាប់ទទួលការប្រកួតសម្រាប់លីគបាល់ទាត់ធំនាពេលនេះ។ លោកសង្ឃឹមថា ពិធីសូត្រមន្ត​លើកនេះ ក៏បានជួយស្មារតីរបស់កីឡាករ និង ក្រុមគ្រូបង្កោលទាំងអស់ ត្រៀមការប្រកួតជា​ច្រើនខាងមុខនេះដោយមិនភ័យខ្លាច។

 

លោក ស៊ុប៉ាឆៃ វីរៈពូជុង ដែលជាអ្នកជំនួញគិតគូរដល់វិស័យកីឡានៅកម្ពុជា និង សមាគមន​បាល់​ទាត់ កងយោធពលខេមរភូមិន្ទ បាននិយាយថា “លោកជូនពរដល់កីឡាករ​ទាំងអស់គ្នា​ជោគជ័យ​គ្រប់ការប្រកួត។ សូមអ្នកទាំំងអស់គ្នាមានព្រះធម៌ក្នុងខ្លួន ទើបអ្វីៗល្អ​ប្រសើរ​និងសម្រេច”។

ទាំំងមន្ត្រីសមាគមនបាល់ទាត់ កងយោធពលខេមរភូមិន្ទ ក្រុមគ្រូបង្កោល និង កីឡាករ​ទាំងអស់ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និង ត្រេកអរយ៉ាងខ្លាំងដែល​ដៃគូរសហការ​ឧបត្ថម្ភ​ទាំង​អស់ គិតគូរយ៉ាងយកចិត្តទុកដាក់ និង តែងតែផ្តល់ការលើក​ទឹកចិត្តទាំងការហ្វឹក​ហាត់ និង ការឧបត្ថម្ភ។

ជាមួយគ្នានោះដែរ កីឡាករទាំងអស់បានបង្ហាញនូវអារម្មណ៍ថា ពួកគេនឹងខំប្រឹងប្រែង​លេងយ៉ាងឱ្យល្អ និង រក្សាសេចក្តីថ្លៃថ្នូ ក្នុងនាមកីឡាករ ក៏ដូចជា ក្នុងនាមនាយទាហាន​ដូចគ្នា។ សម្រាប់ការប្រកួតធំំៗ នាពេលខាងមុននេះ ពួកគេនឹងខំប្រឹងធ្វើយ៉ាងបណ្តើម​ពានរង្វាន់ឱ្យយ៉ាងណាបាន។ ក្រុមកីឡាករក៏ថ្លែងអំណរគុណដល់ អ្នកគាំទ្រ និង មហាជន​ទាំងអស់ដែលតាមដាននិងស្រលាញ់គាំទ្រក្លឹបបាល់ទាត់មួយនេះ។

សូមបញ្ជាក់ថា ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ជាថ្ងៃបើការការប្រកួត ពានរង្វាន់​មិត្តហ្វូន​ខេមបូ​ឌាន ឆ្នាំ២០២០ ដោយក្លឹបបាល់ទាត់ Tiffy Army FC នឹងប៉ះគ្នាជាមួយ ក្លឹបបាល់ទាត់ ណាហ្គាវើល។ នេះជាជំនួបបើកលីគ ដែលក្រុមធំទាំងពីរនេះនឹងប៉ះគ្នា ធ្វើឱ្យអ្នកគាំទ្រពិតជាភ្ញាក់ផ្អើលចង់ទស្សនា។

សូមរំលឹកថា កាលពីថ្ងៃទី៦ ខែមិនាឆ្នាំ២០២០ សន្និសីទសារព័ត៌មាន​ស្តីពីពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀងនៃការឧបត្ថម្ភរវាងសមាគមនបាល់ទាត កងយោធពលខេមរភូមិន្ទ និងស្ថានី​យ៍​ទូរទស្សន៍ ខ.ភ.ម ប៉ុស្តិ៍លេខ៥ លោក ស៊ុប៉ាឆៃ វីរៈពូជុង អគ្គនាយក TV5 បានប្រកាស​ឧបត្ថម្ភរយៈពេល ១០ឆ្នាំ ដល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយក្នុង ១ឆ្នាំ ៣០ម៉ឺនដុល្លារ សរុបគឺមានទឹកប្រាក់ចំនួន ៣លានដុល្លារ៕

អត្ថបទ៖ Dominich