ក្តៅៗ! សមាគមមិត្តនគរបាលជាតិកម្ពុជា ស្នើឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានជួយកែលម្អ ក្រុមកំប្លែងដែលសម្តែងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ

210

សមាគមមិត្តនគរបាលជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការមួយជូនដល់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយសំណូមពរឲ្យជួយពិនិត្យកែលម្អដល់ស្ថានីយទូរទស្សន៍ និងសិល្បករមួយចំនួន ដែលបាននិពន្ធ និងដឹកនាំការសម្ដែងឈុតវីដេអូកំប្លែងខ្លីៗ ដែលមានផលប៉ះពាល់ពាក់ព័ន្ធទៅនឹងរូបភាពជាមន្ត្រីនគរបាលជាតិ។

លិខិតរបស់ សមាគមមិត្តនគរបាលជាតិកម្ពុជាបាន​ឲ្យ​ដឹង​ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០​នេះថា «មួយរយៈកន្លងមកនេះជាពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួងមហាផ្ទៃ បាននឹង​កំពុង​ធ្វើយុទ្ធនាការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ សមាគមមិត្ត នគរបាល​ជាតិ​កម្ពុជា បាន​ពិនិត្យ និងសង្កេតឃើញថា មានស្ថានីយទូរទស្សន៍ ក៏ដូចជាសិល្បករ​មួយ​ចំនួន​បានផលិត ជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតសាច់រឿងខ្លះ បានសម្ដែង​ជាតួអង្គ​មន្ត្រីនគរ​បាលជាតិ ដែលមានការស្លៀកពាក់ ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់​សញ្ញា​សម្គាល់ ផ្អែកតាមបទដ្ឋាន ស្ដីពីឯកសណ្ឋាន និងស្លាកសញ្ញាមន្ត្រី នគរបាលជាតិដែលបានកំណត់ ហើយតួអង្គនគរបាលមានសក់វែង និងបានប្រើពាក្យសំដីខ្លះមិន សមរម្យទៅ​នឹងក្រមសីល​ធម៌វិជ្ជាជីវៈរបស់ មន្ត្រីនគរបាលជាតិទៀតផង»។

 

សមាគមមិត្តនគរបាលជាតិកម្ពុជា បានបន្តថា តាមរយៈសកម្មភាពក្នុងខ្សែវីដេអូ ត្រូវបាន​មជ្ឈដ្ឋានខាងក្រៅធ្វើការចែករំលែកគ្នាទៅវិញទៅមកយ៉ាងទូលំទូលាយ នៅក្នុង​បណ្ដាញ​សង្គម ដែលសមាគមមិត្តនគរបាលជាតិកម្ពុជា បានយល់ឃើញថា ពិតជាមា នផលប៉ះពាល់​ជះឥទ្ធិពលមិនល្អដល់កិត្យានុភាព និងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ដែលបាន​នឹងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងស្ថេរភាពសង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

 

 

ជាមួយគ្នានេះ សមាគមមិត្តនគរបាលជាតិកម្ពុជា សូមសំណូ មពរដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាពិនិត្យ និងជួយសម្រួលចាត់វិធានការកែលម្អដល់ស្ថានីយទូរទ ស្សន៍ ក៏ដូចជាក្រុមសិល្បករដែលមាន ចំណុចខ្វះខាតតាមការគួរ៕

ប្រភព Fresh News

អត្ថបទ៖ ឈន់ ស៊ាងហៃ