សង្ស័យផឹកស្រាមានជាតិអាល់កុលក្លែងក្លាយ ធ្វើពីមេតាណុលច្រើនពេកបណ្ដាលឲ្យស្លាប់​ជាបន្តបន្ទាប់នៅខេត្តបន្ទាយមានជ័យ

76

ករណីមនុស្សស្លាប់ជាបន្តបន្ទាប់នៅខេត្តបន្ទាយមានជ័យក្រោយពីបានផឹកថ្នាំចិនសែយីហោតាំគួយនេះ មន្រ្តីជំនាញបានសង្ស័យថា ម្ចាស់ស្រានេះ​បានយកអាល់​កុលក្លែងក្លាយធ្វើពី​មេតា​ណុល​យកមកផលិតស្រា ទើបជាហេតុធ្វើឲ្យ​ពុលស្លាប់អ្នកផឹកយ៉ាងនេះ។

បើតាមស៊ើបសួរថា មុនដំបូងម្ចាស់បានទិញអាកុលនៅក្រុមហុ័ន SKD ដែលជាអាកុល​មាន​ស្តង់ដារ តែដោយសារអាល់​កុលថ្លៃពេក ម្ចាស់ខាងលើក៏មានគំនិត​ផ្សេង​ទៅទិញអាកុល​ក្លែងក្លាយ​ដែល​ ធ្វើពីមេតាណុលជាហេតុ​បង្កអោយមានការពុលស្លាប់​ជាបន្តបន្ទាប់នៅខេត្ត​បន្ទាយមានេជ័យ។

ក្នុងនោះផងដែរ​កាលពីរសៀលថ្ងៃម្សិលមិញនេះ សមត្ថកិច្ចចម្រុះក៏បានចុះទៅធ្វើការ​ឡោម​ព័ទ្ធ​នៅទីតាំងផលិតស្រាខាងលើដែលមានទីតាំងស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប៉ុន្តែម្ចាស់ទីតាំងបានរត់គេចខ្លួន និងចាក់សោរផ្ទះចោល ដូច្នេះសមត្ថកិច្ចបានត្រឹមយកធុងផលិតស្រាដែលម្ចាស់បានបោះចោលទុកយកទៅពិសោធន៏៕

អត្ថបទ៖ ឈន់ ស៊ាងហៃ