
នេះគឺជាដំណឹងក្ដុកក្ដួលមួយដែលវីរៈសិល្បករកម្ពុជាផ្នែកចម្រៀងអាយ៉ៃលោកគ្រូ ឈិន ឈាង បានទទួលមរណភាពកាលបីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះនៅវេលាម៉ោង ៣ និង៤៥ នាទីរសៀលក្នុងជន្មាយុ៧៥ ឆ្នាំដោយជរាពាធ។
បើតាមប្រសាសន៍របស់លោកស្រី អ៊ុក សុផា ត្រូវជាភរិយារបស់លោកគ្រូ ឈិន ឈាង បានរៀបរាប់ទាំងទឹកភ្នែកថា លោកតាស្មៀនឈិន ឈៀង ជាបុត្រ លោកតា នាន់ ឈិន(ស្មៀនឈិន) ជាអ្នកចម្រៀងអាយ៉ៃដែលមានឈ្មោះបោះសំឡេងតាំងពីទសវត្សរ៍៦០មកម្ល៉េះ។មកដល់ទសវត្សរ៍៨០ និង ៩០លោកតាកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង លោកតាជាតួឯកល្ខោនយីកេ និងអាយ៉ៃរឿងនៅវិទ្យុជាតិដែលធ្វើឱ្យប្រជាជនខ្មែរជំនាន់នោះមិនអាចភ្លេចសំឡេងលោកបានឡើយ ហើយក៏ចេះច្រៀង និងលេងចាប៉ីដងវែងផងដែរ។ មកដល់ឆ្នាំ២០០០ លោកតាហាក់បីដូចជាស្ងាត់ការសម្ដែង។
ពេលនេះសពលោកគ្រូ ឈិន ឈាង បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន របស់លោកគ្រូដែលស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខាងក្រោយវត្តនាគវ័ន្ត។ ដំណឹងនេះទុកជាការអញ្ជើញបងប្អូនសិល្បករទាំងអស់ចូលរួមរំលែកទុក្ខតាមសទ្ធារៀងៗខ្លួន។