
ក្មេងប្រុសស្រី ២នាក់ បានលង់ទឹកស្លាប់ កើតឡើងនៅចំនុចត្រពាំងអង្គ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តា ដោយហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី។
ក្មេងលង់ទឹកស្លាប់ទី១-ឈ្មោះ ខុំ វ៉ាន់ ភេទ ប្រុស អាយុ ០៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ទី២-ឈ្មោះ ធូ ណារី ភេទស្រី អាយុ០៩ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ មុនពេលកើតហេតុដំបូងឡើយ ឪពុកបង្កើតរបស់ជនរងគ្រោះ ខុំ វ៉ាន់ បានយកសំណាញ់ទៅបង់ត្រីនៅត្រពាំងអង្គដោយបាននាំកូនប្រុស និងក្មួយស្រីបង្កើតទៅតាមពេលដល់ត្រពាំងអង្គឪពុកបានបង់សំណាញ់នៅខាងជើងត្រពាំងអង្គ (មានជំរៅប្រហែល ០៣ម៉ែត្រ)កូនប្រុសនិងក្មួយស្រីនាំគ្នាលេងទឹកនៅខាងត្បូងត្រពាំងអង្គ ។
លុះកំពុងលេងទឹកទាំងពីរនាក់បងប្អូនមិនចេះហែលទឹកផងហើយដោយឪពុកមិនបានចាប់អារម្មណ៍ផងកូនបានស្រែកហៅឪពុកឲ្យជួយឪពុកបានឮក៏ក្រលេខមើលទៅខាងត្បូងត្រពាំងឃើញកូនក៏បានទំលាក់សំណាញ់ចុះរត់មកជួយកូន ប៉ុន្តែទំរាំមកដល់ឪពុកទន់ជើងស្លុតស្មារតីបានត្រឹមឈរមើលហើយស្រែកយំឲ្យគេជួយកូនប្រុសនិងក្មួយស្រីផងបានលង់ទឹក បានសន្ទុះក្រោយមកមានប្រជាពលរដ្ឋនៅក្បែរនោះរត់មកជួយហើយទំរាំរកឃើញប្រហែលជាកន្លះម៉ោងទើបរកឃើញក្មេងទាំងពីរនាក់នោះបានលង់ទឹកស្លាប់បាត់អស់ហើយ។
ក្រោយមកមេភូមិតានូបានរាយការណ៍តាមទូរស័ព្ទមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ប្រាប់ថាមានក្មេងលង់ទឹកស្លាប់។ បន្ទាប់មកសមត្ថកិច្ចជំនាញពិនិត្យហេតុស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ ពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឈន់ ស៊ាងហៃ