
កាលពីប៉ុន្មានថ្ងៃនេះមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាតារាចម្រៀងជើងចាស់លោក ណយ វណ្ណេត ធ្លាក់ខ្លួនធ្វើជាកម្មករសំណង់ដើម្បីបានប្រាក់បន្ដិចបន្តួចយកមកចិញ្ចឹមក្រពះ។
ជុំវិញព័ត៌មានខាងលើនេះដែរលោក ណយ វណ្ណេត សូមច្រានចោលទាំងស្រុងថាមិនមែនជាការពិតដូចគេយករូបលោក មកផ្សព្វផ្សាយឡើយ គឺពេលនេះលោកកំពុងតែរស់នៅយ៉ាងមានក្ដីសុខជាមួយក្រុមគ្រួសារប្រពន្ធកូន ដែលបច្ចុប្បន្ននេះលោកមានផ្ទះរហូតដល់៣កន្លែងឯណោះ។ ផ្ទះទី១ ជាវីឡាកូនកាត់ នៅខាងត្បូងវត្តជំពូកក្អែក វីឡាទី២ គឺនៅវត្តនិរោធ និងផ្ទះល្វែងទី៣ វាលស្បូវ។ នេះបើតាមលោក អ៊ឹម ជីវ៉ា បង្ហោះនៅលើហ្វេសប៊ុក ដែលលោកបានទៅជួបលោក ណយ វណ្ណេត ដោយផ្ទាល់។
លោក អ៊ឹម ជីវ៉ា បន្ថែមថា ក្រៅពីមានវីឡា២ និងផ្ទះ១ល្វែងដូចដែលបានរៀបរាប់ខាងលើលោក ណយ វណ្ណេត ក៏មានដីច្រើនកន្លែងទៀតនៅខេត្តកំពង់ស្ពឺ ផងដែរ។ ចំពោះរូបភាពដែលពុកម៉ែបងប្អូន និងសារព័ត៌មានយកទៅចុះផ្សាយនោះគឺលោក ជួយធ្វើដំបូលផ្ទះខាងលើឲ្យកូនព្រោះខ្ចិលជួលជាងនាំឲ្យអស់លុយច្រើន។
ណាមួយតារាចម្រៀងជើងចាស់រូបនេះចេះផ្នែកសាងសង់ដែរ ដោយលោក អាចធ្វើវាបាន។ចំពោះមានជីវភាពឥឡូវធូធាមិនខ្វះខាត មិនធ្វើជាកម្មករសំណង់ដូចគេនិយាយឡើយ។
សូមបញ្ជាក់ដែរថាលោក ណយ វណ្ណេត មានកូនចំនួន ៥នាក់ហើយលោក បានចូលប្រឡូកសិល្បៈមុនដំបូងក្នុងឆ្នាំ១៩៨៦ ហើយចាប់ផ្ដើមល្បីល្បាញខ្លាំងក្នុងឆ្នាំ ១៩៩០៕