គុណប្រយោជន៍​៩យ៉ាង នៃ​ការផឹក​ទឹក​ក្ដៅឧណ្ហៗ ដែល​អ្នក​មិនធ្លាប់ដឹងពីមុនមក

9

ការទទួល​ទាន​ទឹក​ឲ្យ​បាន ៨កែវ​ក្នុង​មួយថ្ងៃ នឹង​ជួយ​ធ្វើ​ឲ្យ​រាងកាយ​របស់​មនុស្ស​យើង មាន​សុខ​ភាពល្អ ប៉ុន្តែ​អ្នក​ប្រហែលជា ពុំទាន់​បានដឹង​បន្ថែមទៀត​ទេ​ថា ការទទួល​ទាន​ទឹក​ក្ដៅ ឬ​ទឹក​ក្ដៅឧណ្ហៗ បានផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ ដល់​រាង​ការ​របស់​អ្នក?

១.សម្រក​ទម្ងន់ ការទទួល​ទាន​ទឹក​ក្ដៅ លាយ​ជាមួយនឹង​ក្រូចឆ្មារ ជា​រៀងរាល់​ពេលព្រឹក អាចជួយ​កាត់បន្ថយ ជាលិកា​ខ្លាញ់ នៅក្នុង​រាងកាយ ដែល​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន ។

២. ជួយ​បំបាត់ អាកា​រៈ​តឹង​ច្រមុះ និង​ឈឺបំពង់ក ការទទួល​ទាន​ទឹក​ក្ដៅ គឺជា​ឱសថ​កែរោគ​ធម្មជាតិ ដ៏​ពិសេស សម្រាប់​សុខភាព​របស់​យើង ដូចជា ជួយ​បំបាត់ បញ្ហា​តឹង​ច្រមុះ ឈឺបំពង់ក ក្អក ផ្ដាសាយ និង​ថែមទាំង​អាចជួយ ធ្វើ​ឲ្យ​អ្នក​ជៀសផុត ពី​ការ​រលាក​ផ្លូវដង្ហើម​បាន​ទៀតផង។

៣.ជួយ​កាត់បន្ថយ ជាតិពុល​នៅក្នុង​ខ្លួន ទឹក​ក្ដៅ​ពិតជា​ពិសេស​ណាស់ សម្រាប់​ការ​បន្សាប​ជាតិពុល នៅក្នុង​ខ្លួន​របស់​មនុស្ស​យើង ព្រោះ​នៅពេលដែល​អ្នក​ផឹក​វា​ទៅ នឹងធ្វើ​ឲ្យ​កំដៅ​ក្នុង​ខ្លួន​កើន​ទ្បើង ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក បែកញើស ហើយ​ជាតិពុល ក៏​ត្រូវបាន​ចេញមកក្រៅ តាមរយៈ​ញើស​ផងដែរ។

៤.ការពារ​ភាព​ចាស់​មុន​អាយុ ពិតណាស់ថា មនុស្ស​យើង​ម្នាក់ សុទ្ធសឹងតែ​មិន​ចង់​ចាស់ មុន​វ័យ​នោះទេ ប៉ុន្តែ​គួរ​ធ្វើ​យ៉ាងដូចម្ដេច ទើប​អាច​ឲ្យ​អ្នក​នៅ​ក្មេង​ជាង​វ័យ​បាន? បើតាម​ការសិក្សា​ស្រាវជ្រាវ បាន​ឲ្យ​ដឹងថា ការទទួល​ទាន​ទឹក​ក្ដៅ អាចជួយ​ជួស ជុល​កោសិកា ស្បែកចាស់ៗ និង​ខូច ឲ្យ​ប្រែ​មកជា​សភាព​ស្បែក​ធម្មតា បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក នៅតែ​ក្មេង​ជាង​វ័យ​បាន។

 

៥.ការពារ និង​ព្យាបាល​ការកើត​មុន ការទទួល​ទាន​ទឹក​ក្ដៅ អាចជួយ​ការពារ និង​លុបបំបាត់​ឫសគល់ នៃ​ការកើត​ជំងឺ​មុន បាន​យ៉ាង​មាន​ប្រសិទ្ធភាព ព្រមទាំង​ធ្វើ​ឲ្យ​ស្បែ​កមុខ របស់​អ្នកមាន​ភាពស្រស់ស្អាត​ទៀតផង។

៦.ជួយ​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ និង​មិនកើត​អង្គែ អត្ថប្រយោជន៍ ដែល​ទទួលបាន​ពី​ការផឹក​ទឹក​ក្ដៅ អាចជួយ​ធ្វើ​ឲ្យ​សក់ មាន​សភាព​ទន់ និង​ភ្លឺរលោង។ លើសពីនេះទៅទៀត វា​ថែមទាំង​អាចជួយ ធ្វើ​ឲ្យ​ការ​ចាក់ឫស នៃ​សក់​របស់​អ្នក មាន​សភាព​រឹងមាំ និង​មាន​សុខភាព​ល្អ។ ទឹក​ក្ដៅ​អាចជួយ រក្សា​ស្បែកក្បាល​របស់​អ្នក ឲ្យ​មាន​សុខភាព​ល្អ ដែល​អាច​ធានា បាន​ពី​ការកើត​អង្គែ។

 

៧. ជួយ​បង្កើន​ចរន្តរ​ត់នៃ​ឈាម និង​ជំរុញ​ប្រព័ន្ធ​ប្រសាទ ឲ្យ​មាន​សុខភាព​ល្អ ការទទួល​ទាន​ទឹក​ក្ដៅ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​បង្កើន​ចរន្ត នៃ​ការរត់​របស់​ឈាម ឲ្យ​មាន​ភាពប្រសើរ​ទ្បើង និង​ជំរុញ​ប្រព័ន្ធ​ប្រសាទ ឲ្យ​មាន​សុខភាព​ល្អ។

 

៨. ជួយ​ធ្វើ​ឲ្យ​ការរំលាយ​អាហារ មាន​ភាពប្រសើរ​ទ្បើង តាម​ការសិក្សា​ថ្មី​មួយ បាន​បង្ហា​ញា​ថា ការទទួល​ទាន​ទឹក​ក្ដៅ កំ​ទ្បុ​ង​ពេល ឬ​បន្ទាប់ពី​អ្នក​បរិភោគ អាហារ​រួច ពិតជា​អាចជួយ​ធ្វើ​ឲ្យ​ការរំលាយ អាហារ នៅក្នុង​ក្រពះ​របស់​អ្នក មាន​លក្ខណៈ ប្រសើរ​ទ្បើង។

 

៩. ធ្វើ​ឲ្យ​ពោះវៀន​មាន​ចលនា ចំណែកឯ​អត្ថប្រយោជន៍ ចុងក្រោយ​របស់​ទឹក​ក្តៅ​នោះ គឺអាច​ជួយ​ធ្វើ​ឲ្យ​ពោះវៀន មាន​ចលនា​ប្រក្រតី និង​មាន​សុខភាព​ល្អ ព្រមទាំង ពុំមាន​ការឈឺចាប់​នៅក្នុង​ពោះវៀន​នោះទេ៕

អត្ថបទដោយ ឈន់ ស៊ាងហៃ

ប្រភព៖ ឡារ៉ែន