
ត្បិតពេលនេះលោក ខេមរៈ សិរីមន្ត មានឈ្មោះជាតារាចមៀងជួរមុខនៅកម្ពុជាក្ដី តែមានអ្នកគាំទ្រតិចតួចណាស់ដែលដឹងរឿងរ៉ាវមួយចំនួនរបស់លោក ពាក់ព័ន្ធនិងតារាចមៀងលោក ព្រាប សុវត្ថិ អំឡុងពេលចូលប្រឡូកសិល្បៈលើកដំបូង។
តារាចម្រៀងលោក ខេមរៈ សិរីមន្ត ចូលប្រឡូកសិល្បៈមុនដំបូងតាមរយៈកម្មវិធីប្រឡងប្រជែងបទចម្រៀងរបស់ទឹកដោះគោ Nestle កាលពីឆ្នាំ២០០៤ ដោយលោកទទួលបានជ័យលាភីលេខ១ បើគិតមកដល់ឆ្នាំ ២០២០ នេះមានរយៈពេល ១៦ឆ្នាំហើយដែលម្ចាស់បទ “ប្រាំពាន់ដុល្លារ” រូបនេះចូលប្រឡូកសិល្បៈ។
ចំពោះរឿងរ៉ាវមួយចំនួនដែលអ្នកគាំទ្រមិនធ្លាប់ដឹងពាក់ព័ន្ធលោក ខេមរៈ សិរីមន្ត ជាមួយលោក ព្រាប សុវត្ថិ នាពេលកន្លងមកដោយសារតែអំឡុងពេលចូលប្រឡងបទចម្រៀងកាលពីឆ្នាំ២០០៤ គឺលោក ខេមរៈ សិរីមន្ត យកបទចម្រៀងរបស់លោក ព្រាប សុវត្ថិ ទៅបកស្រាយចំនួន៥បទ។បទចម្រៀងទាំង ៥បទនោះ រួមមាន ច័ន្ទមិនស្ដាយរស្មី គោះទ្វារបេះដូង ចិត្តព្រៃផ្សៃ បើកសៀវភៅឃើញស្នេហ៍ និងបទ គ្រប់គ្រាន់ហើយ។
គួររម្លឹកថាក្រោយពីប្រឡងជាប់ជ័យលាភីលេខ១ របស់ទឹកដោះគោ Nestle កាលពីឆ្នាំ២០០៤ រួចមកលោក ខេមរៈ សិរីមន្ត បានក្លាយជាតារាចម្រៀងរបស់ផលិតកម្ម U2 ដោយចាប់ដៃគូជាមួយ ឱក សុគន្ធកញ្ញា។ បន្ទាប់មកទៀតលោក ក៏ចូលផលិតកម្មសាន់ដេ ដោយចាប់ដៃគូជាមួយ សុខ ពិសី និង ខេមរៈ ស្រីពៅ។ ក្រោយចប់កុងត្រានៅផលិតកម្មសាន់ដេលោក ក៏ចូលទៅផលិតកម្មហង្សមាសរហូតដល់បច្ចុប្បន្ននេះ៕