
ជាការពិតណាស់ ស្រីមេផ្ទះគ្រប់រូបតែងតែមានការខ្វល់ខ្វាយក្នុងការស្វែងរកមុខម្ហូបធ្វើញុំាប្រចាំថ្ងៃ ពីព្រោះថាបើយើងធ្វើម្ហូបដដែលៗរាល់ថ្ងៃពេក អាចធ្វើខ្លួនយើង និងក្រុមគ្រួសារមានភាពទ្រលាន់ ហើយលែងចង់ញុំាបាយនៅផ្ទះ។
ដូច្នេះគេនាំគ្នាទៅញុំាអាហារនៅក្រៅ ដែលធ្វើអោយមានការខ្ចះខ្ជាយថវិកាយ៉ាងច្រើន ដើម្បីជាការកាត់បន្ថយថវិការបានខ្លះ ថ្ងៃនេះ Dermdoung News មានមុខម្ហូបប្លែកទៀត ហើយ ដើម្បីជូនដល់ស្រ្តីមេផ្ទះគ្រប់រូប។
តោះមកដឹងឈ្មោះមុខម្ហូបទាំងអស់គ្នា មុខម្ហូបនោះ មានឈ្មោះ ថា«សាច់គោអាំង ជាមួយ គ្រឿងការីម្ទេសខ្ចី»។
មកដឹងពីរបៀបធ្វើទាំងអស់គ្នា ជាដំបូងយើងត្រូវមានគ្រឿងផ្សំដូចជា សាច់គោ ៣២០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ, ម្រេចបុក ១ស្លាបព្រាកាហ្វេ, ខ្ទិះដូងខាប់ ៣៥០ម.ល, ស្ករត្នោត ២ស្លាបព្រាកាហ្វេ, គ្រឿងការីម្ទេសខ្ចី ១៣០ក្រាម, ទឹកត្រី ១ស្លាបព្រាកាហ្វេ, កាពិ ២ស្លាបព្រាកាហ្វេ, សំបកក្រូចសើច ប្ញក្រូចឆ្មា ២៥ក្រាម, ប្ញស និងទងជីវ៉ាន់ស៊ុយហាន់ ២ទង, ស្លឹកគ្រៃ ៤ទង កាត់ ៨ ស.ម, រំដេងហាន់ ៥ស្លាបព្រាកាហ្វេ, ខ្ទឹមសហាន់ ៥ កំពឹស, ខ្ទឹមក្រហមហាន់ ១២០ក្រាម, ម្ទេសខ្មាំងខ្ចីហាន់ ១២៥ក្រាម។
ឥឡូវនេះយើងមកដឹងពីវិធីទាំងអស់គ្នា៖
១- រៀបចំគ្រឿងការីម្ទេសខ្ចី ខ្ចប់កាពិក្នុងស្រទាប់ត្រួតនៃបន្ទះអាលុយមីញ៉ូម ហើយដាក់ខ្ទះតូចមួយនៅលើភ្លើងល្មមហើយ ដាក់កាពិ។ ចំអិនរយះពេល ៥នាទី ត្រលប់ចុះឡើង យកចេញពីខ្ទះ។
២- លាយម្រេចខ្ចី សំបកក្រូចឆ្មាចិញ្រ្ចាំ ប្ញស ឬទងជីវ៉ាន់ស៊ុយ ស្លឹកគ្រៃ និងរំដេងដាក់ក្នុងត្បាល់ហើយ បុក១ទៅ២នាទីអោយម៉ដ្ឋ។ បុកខ្ទឹមស និង ខ្ទឹមក្រហមក្នុងត្បាល់ហើយបុកអោយបែក ហើយដាក់ម្ទេសខ្ចីចូលបុកអោយម៉ដ្ឋ។
៣- ស្រាយកាពិហើយដាក់ក្នុងត្បាល់បុក អោយកាពិម៉ដ្ឋល្អ គ្រឿងនេះប្រហែល២៧៥ ក្រាមអាចទុកក្នុងទូទឹកកកបាន ១ខែ។
៤- ដាក់គ្រឿងសាច់គោដោយអំបិល និងម្រេច
៥- រៀបចំភ្លើងធ្យូងអោយក្ដៅខ្លាំងហើយអោយវាឆេះធ្យូងពណ៌ស។ ដាក់សាច់គោលើចង្រ្កាន ហើយអាំងរយះពេល ១០នាទី ត្រលប់ចុះឡើងអោយសាច់ពណ៌ខ្មៅប៉ុន្តែខាងក្នុងពណ៌ផ្កាឈូក ហើយដួសវាចេញ។
៦- លាយខ្ទិះដូង ស្ករត្នោត និង គ្រឿងការីម្ទេសខ្ចីដាក់ក្នុងឆ្នាំង ហើយយកដាក់លើចង្ក្រានមានភ្លើងតិចៗ កូររហូតដល់ទឹកត្រីអោយក្ដៅនៅពេលហាន់សាច់គោ។
៧- ដាក់សាច់គោហាន់លើចាន រួចចាក់ទឹកជ្រលក់ពីលើជាការស្រេច៕
អត្ថបទ៖ ថន មេសា