ផ្អើលពេញខេត្តសៀមរាប ខាត់ សុឃីម និង ពលរដ្ឋជាង២០០០គ្រួសារធ្វើការតវ៉ាឲ្យដោះលែង លោក ឌីម សួនណាត

9

ខាត់ សុឃីម និងស្វាមី លោកអ៊ិន សុបញ្ញា ហៅផាណូ បានធ្វើដំណើរពីភ្នំពេញ ទៅខេត្ត​សៀមរាប ដើម្បីធ្វើការជួបជុំជាមួយប្រជាពលរដ្ឋចំនួន២០០០គ្រួសារ តវ៉ាជាលើកទី២ រឿង​តុលាការ​ខេត្តសៀមរាប ឃុំខ្លួនលោកឌីម សួនណាត ដោយមិន​ដោះស្រាយជូន​ថៅកែក្រុម​ហ៊ុនអ៊ីណារីតា រូបនេះ ក៏ដូចជាជនរងគ្រោះ​ទាំងឡាយដែលបាន​ចាញ់បោក​ក្រុមហ៊ុនមួយ​នេះ។

នៅកណ្ដាលថ្ងៃ អ្នកនាងខាត់ សុឃីម បានកាន់ក្បាលមីក្រូប្រកាស​ស្នើសុំដល់​សម្ដេចនាយក​រដ្ឋមន្រ្ដី ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យលោកទាំង២ ជួយរក​ដំណោះ​​ស្រាយលើរឿងនេះផង។

ដោយឡែក ប្រជាជនដែលចូលរួមការតវ៉ាជាមួយអ្នកនាងខាត់ សុឃីម បាននាំគ្នាកាន់​បដា​ភ្ជាប់​ដោយពាក្យសារផ្សេងៗ រួមទាំងរូបថតលោកនាយករដ្ឋមន្រ្ដី និងលោកជំទាវផងដែរ។ ប៉ុន្ដែរហូតមកដល់រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ គេនៅតែមិនទាន់ឃើញ​មានដំណោះស្រាយនោះទេ ខណៈដែលការតវ៉ាកាន់តែមានទ្រង់ទ្រាយធំជាងមុន។

គួររំលឹកថា អ្នកនាងខាត់ សុឃីម បានលេចមុខជាច្រើនតាមកម្មវិធីរបស់ក្រុមហ៊ុនអ៊ីណារីតា មុនពេលដែលម្ចាស់ក្រុមហ៊ុនរូបនេះ លោកឌីម សួនណាត ត្រូវបានសម្ថកិច្ចចម្រុះធ្វើការ​ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ពីបទឆបោក និងចេញសែកស្អុយរាប់លាន​ដុល្លារ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

ក្រោយថៅកែក្រុមហ៊ុនរូបនេះត្រូវបានឃុំខ្លួន អ្នកនាងខាត់ សុឃីម និងតារាជាច្រើនដែល​ធ្លាប់ចូលរួមកម្មវិធីរបស់លោក នៅតែបង្ហាញការគាំទ្រចំពោះអ្នករកស៊ីអចលនទ្រព្យរូបនេះ ខណៈដែលជនរងគ្រោះជាច្រើនក្ដៅក្រហាយជាខ្លាំង ចំពោះប្រាក់ដែលពួកគេ​បានបាត់បង់​ទៅលើក្រុមហ៊ុនមួយនេះ។

តាមព័ត៌មានថា អ្នកនាងខាត់ សុឃីម ក៏អស់លុយច្រើនដែរ ព្រោះផុងខ្លួនជាមួយក្រុមហ៊ុន​មួយនេះ ប៉ុន្តែនាងមិនដែលបញ្ចេញឲ្យគេដឹងទេ ហើយជម្រើសចុងក្រោយ មាន​តែចូលរួមធ្វើ​ការតវ៉ាជាមួយពលរដ្ឋរឿងតុលាការឃុំខ្លួនលោកឌីម សួនណាត មិនព្រមដោះស្រាយ៕