
សព្វថ្ងៃនេះស្រ្តីមេផ្ទះភាគច្រើនមិនសូវមានពេលវេលាច្រើន ជាមួយហ្នឹងផ្ទះបាយឡើយដោយសារតែពួកគាត់រវល់ជាមួយហ្នឹងការងារច្រើនពេក ទើបពុំសូវរវីរវល់ជា មួយហ្នឹងការរកមុខម្ហូបថ្មីឡើយ។ ប៉ុន្តែពួកគាត់ទំនេរថ្ងៃចុងសប្ដាហ៍ដើម្បីជួបជុំគ្រួសារ ដើម្បីធ្វើម្ហូបទទួលទានអាហារហូបជុំគ្នាបង្កើតបរិយាសប្បាយរីករាយជាមួយគ្នាក្នុងថ្ងៃឈប់សម្រាក។
ដូច្នេះថ្ងៃនេះ DermDoung សូមលើកយកមុខម្ហូបថ្មីប្លែកមួយជូនដល់ពុកម៉ែ បងប្អូន និងស្រីមេផ្ទះទាំងឡាយឲ្យបានយល់ដឹងទាំងអស់គ្នា ដោយមុខម្ហូបនោះមានឈ្មោះថា « ត្រីសាលម៉ុន ខ្ចប់សាច់ជ្រូកចិញ្ច្រាំចំហុយ »។
ឥឡូវនេះមកដឹងពីរបៀបធ្វើទាំងអស់គ្នា ជាដំបូងយើងត្រូវមានគ្រឿងផ្សំដូចជា ត្រីសាលម៉ុន ៣០០ក្រាម សាច់ជ្រូកចិញ្ច្រាំ ៣០០ក្រាម។ បន្ទាប់មកយើងត្រូវធ្វើទឹកជ្រលក់ ដែលទឹកជ្រលក់មានគ្រឿងផ្សំដូចជា ប្ញសជីរវ៉ាន់ស៊ុយ ៣ដើម ខ្ទឹមស ៤-៥កំពឹស ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ ម្ទេសដៃនាង ៤-៦គ្រាប់ ស្ករស ១ស្លាបព្រាបាយ អំបិល ១-២ស្លាបព្រាបាយ ។
វិធីធ្វើ ដំបូងយើងពន្លះសាច់ត្រីជាបន្ទះស្តើងៗ រួចទុកមួយឡែកសិន បន្ទាប់មកយើងលញ់សាច់ជ្រូកចិញ្ច្រាំជាដុំតូចល្មមដើម្បីងាយស្រួលទទួលទាន បន្ទាប់មកយើងយកបន្ទះត្រីទៅខ្ចប់ជាមួយនិងសាច់ជ្រូក រួចរៀបដាក់ក្នុងចានដែលធុននឹងកម្ដៅ។
បន្ទាប់មកយើងមកធ្វើទឹកជ្រលក់ យើងត្រូវយក ប្ញសជីរវ៉ាន់ស៊ុយ ខ្ទឹមស និងម្ទេសដៃនាងបុកចូលគ្នាអោយម៉ដ្ឋ ហើយបន្ទាប់មកយើងផ្សំរសជាតិដោយទឹកក្រូចឆ្មារ អំបិល និងស្ករស រួចភ្លក្សរសជាតិតាមចំណង់ចំណូលចិត្ត រួចមកយកទឹកជ្រលក់ដែលយើងធ្វើហើយយកទៅស្រោចលើបន្ទះត្រីដែលខ្ចប់សាច់ជ្រូក បន្ទាប់មកយកទៅចំហុយរយៈពេលប្រមាណ៧នាទីរួចជាការស្រាច់៕
អត្ថបទ៖ ថន មេសា