នគរបាលបញ្ជាក់ ករណីសត្វខាំអ្នកចុះលេងទឹក​នៅស្រុកដំឡូត​ ខេត្តបាត់​ដំបង ធ្វើឲ្យដាច់​សាច់ និងមានរបួសស្នាម

24

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ មានកិត្តិយស​សូមជម្រាបជូនសាធារណ:ជន​ ពិសេសបងប្អូនអ្នកនិយមប្រើ​ប្រាស់បណ្តាញសង្គមជ្រាបថា​ ដោយបានកត់​សម្គាល់ឃើញ​ថា មានការបង្ហោះរូបភាពនិងខ្លឹម​សារ​ព័ត៌មានស្តីពីករណី​ មានសត្វខាំ​ប្រ​ជា​ពល​រដ្ឋ​ដែលចុះលេងទឹកនៅក្នុងស្ទឺងឬអូរ​ នៅ​មូល​ដ្ឋានខ្លះនៃស្រុកសំឡូត​ ខេត្តបាត់​ដំបង​ រហូត​​​បណ្តាលឲ្យដាច់សាច់​ មានរបួសស្លាកស្នាម​លើដៃ​ជើង​ និងខ្លួនប្រាណ​ ផងដែរ។

រូបភាពដែលមានភ្ជាប់ដោយខ្លឹមសារក្នុង​បណ្តាញ​សង្គមផងនោះ​ បានបង្កឲ្យមានការ​ងឿងឆ្ងល់​ ការព្រួយបារម្មណ៍ភ័យខ្លាច​ និងបានសាកសួរគ្នាជាបន្តបន្ទាប់អំពី​មូលហេតុ​នៃករណីខាងលើ​។ ដោយមើល​ឃើញ​នូវបញ្ហាដូចបានជម្រាបជូនខាងលើ​​ ក្រុម​ការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ បានទាក់ទងទៅ​លោក​វរសេនីយ៍​ឯក​ កោ​ ស៊ុនកាំង​ អធិការនគរ​បាលស្រុកសំឡូត​ ដើម្បីបំភ្លឺរឿងនេះ​ ហើយ​​លោកអធិការបានឲ្យដឹងថា​ ករណីខាងលើ​គឺ​ បង្កឡើង​ដោយសត្វកំពត(ត្រីកំពត)​ដែលស្ថិត​នៅក្នុងទឹកអូរឬទឹកស្ទឹងនៃមូល​ដ្ឋានខ្លះក្នុងស្រុកសំ​ឡូត​ខេត្តបាត់​ដំបង​ ហើយ​​បញ្ហានេះពីមុន​មកក៏ធ្លាប់​កើត​មានដែរ​ ។

ជាមួយនេះក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាតដំបង​សូមជូនដំណឹងចំពោះ​បងប្អូន​ប្រជាពល​រដ្ឋដែលអញ្ជេីញទៅលេងទឹកអូរឬទឹកស្ទឹងក្នុងភូមិសាស្រ្តខាងលើ​​ មេត្តាជ្រាបនិងមេត្តាប្រុងប្រយ័ត្នចំពោះបញ្ហានេះផង​ ម៉្យាងក៏សូមម្ចាស់រម្មណីយ​ដ្ឋាន​ និងអាជ្ញាធរមូលដ្ឋានជួយផ្តល់ព័ត៌មាននេះជូនប្រជាពលរដ្ឋនិងភ្ញៀវអញ្ជើញ​ទៅកំសាន្តបាន​ជ្រាប​ជាព័ត៌មាន​ ដោយសេចក្តីគោរពបំផុត​ សូមអរគុ​ណ៕

 

ប្រភព​ពី​ហ្វេសប៊ុក ស្នងការនគរបាល ខេត្តបាត់ដំបង