អបអរសាទរក្រុមហ៊ុន ធី អ អ៊ី ចុះកិច្ចព្រមព្រៀងជាមួយ គណៈកម្មាធិកាប្រយុទ្ធប្រឆាំងផលិត​ផលក្លែងក្លាយដើម្បីសុខភាពពលរដ្ឋខ្មែរ នាព្រឹកមិញនេះ

3

នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧ ខែមេសា ឆ្នាំ​២០២០ នេះ​ក្រុម​ហ៊ុន​ ធី អ អ៊ី អ៊ីមផត អិចផត ឯ.ក បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​ជាមួយ​គណៈកម្មាធិកាប្រយុទ្ធប្រឆាំងផលិត​ផលក្លែងក្លាយដើ​ម្បីសុខភាព​ពលរដ្ឋ​ខ្មែរ​ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដែល​រៀបចំ​ឡើង​នៅ​សាលប្រជុំទីស្ដីការ​ក្រសួង​មហាផ្ទៃ។

ថ្លែង​ក្នុង​ពិធី​ខាង​លើ​ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បាន​មាន​ប្រសាសន៍​ថា ការរាលដាល ជំងឺកូវីដ១៩ ខណៈដែល​ពិភព​លោក​ ក៏ដូចជាប្រទេសកម្ពុជា កំពុងជួប​ប្រទះ​ក៏មានជនខិលខូចមួយចំនួនបានលួចនាំចូល និង​ចែក​ចាយ​នូវឧបករណ៍បរិក្ខាពេទ្យ អាល់កុល ជែល និងសារធាតុសម្លាប់មេរោគ ដែលគ្មានប្រភពច្បាស់លាស់ គ្មានគុណភាពគ្រប់គ្រាន់ ដោយពុំមាន​លិខិតអនុញ្ញាតិ​ពី ក្រសួងស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ ហើយសកម្មភាព​នេះ គឺជាអំពើខុសច្បាប់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋយើង។

ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បន្ថែម​ថា ក្រុម​ហ៊ុន​ ធី អ អ៊ី អ៊ីមផត អិចផត ឯ.ក គឺ​ជា​ក្រុមហ៊ុនដែលមានច្បាប់ទំលាប់ត្រឹមត្រូវ គឺយើងត្រូវតែទទួលស្គាល់ និងលើកទឹកចិត្តអោយបន្តសកម្មភាពធុរកិច្ចរបស់ខ្លួន អោយបានកាន់តែរីកចម្រើនថែមទៀត ចំណែឯបងប្អូនមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវ ត្រូវប្រញាប់ស្រូតរូតទៅបំពេញបែបបទ ចុះបញ្ជីស្នាមអោយបានត្រឹមត្រូវ ដើម្បីអោយប្រជាពលរដ្ឋយើង ដែលជាអ្នកប្រើប្រាស់បាន​ទទួលនូវ​ផលិតផល និងសេវាកម្ម ដែលមានគុណភាពល្អ ហើយស្របច្បាប់។

ជាមួយ​គ្នា​នេះ​ដែរ​លោកស្រី តែ ស៊ូអេង អគ្គនាយិកាក្រុមហ៊ុន ធី អ អ៊ី ក៏​បាន​ថ្លែង​អំណរគុណ​​យ៉ាង​ជ្រាល​ជ្រៅ​ដល់​​ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា និង​គណៈកម្មាធិកា​ប្រយុទ្ធ​​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​ទ ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​ហ៊ុន​លោក​ស្រី បាន​ចូល​រួម​ចំណែក​ក្នុង​ការពារ​នូវ​សុខភាព និង​សុវត្ថិភាព​សង្គម​ជាតិ​ជាតិ​យើង ក្នុង​ការ​លុប​បំបាត់​​និង​ទប់​ស្កាត់​ការចរាចរ​លក់​ផលិតផល​ក្លែង​ក្លាយ​ និង​ផលិតផល​ដែល​ពុំ​បាន​ត្រួត​ពិនិត្យ​គុណ​ភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ដែល​បង្ករ​ឲ្យ​គ្រោះថ្នាក់​ និង​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ពលរដ្ឋខ្មែរ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ផងដែរ​លោក​ស្រី​អគ្គនាយិកា សូម​បញ្ជាក់​ថា ថា ក្រុម​ហ៊ុន​ ធី អ អ៊ី អ៊ីមផត អិចផត ឯ.ក តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ៗ​នៃ​ព្រះរាជណាចក្រកម្ពុជា។ ជាពិសេស​ការ​ផលិតទាំង​អស់​គឺ​ស្រប​តាម​បទដ្ឋាន​ស្ដង់ដារ និង​បាន​ឆ្លង​កាត់​មន្ទីរ​ពិសោធន៍​​យ៉ាង​ត្រឹម​ត្រូវ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន ធី អ អ៊ី គឺជាក្រុមហ៊ុនស្របច្បាប់ដែលបាននាំចូលផ្តាច់មុខ​និង ចែក ចាយ​​ផលិតផលគ្រឿងសម្អាង ចំណីអាហារ និងផលិតជំនួយសុខភាព ពីបណ្តាប្រទេស​នៅប៉ែកអាស៊ី និងអឺរ៉ុប មានដូចជាប្រទេសអ៊ីតាលី ថៃ កូរ៉េ បារាំង ជាដើម។ ដោយមើល​ឃើញពីស្ថានភាពការរីករាលដាល នៃផលិតផលក្លែងក្លាយ និងខុសច្បាប់ ដែលប៉ះពាល់ និងសុវត្ថិភាព ទើប គ.ប.ផ.ក រៀបចំឲ្យមានកិច្ចព្រមព្រៀងសហការ រវាង គ.ប.ផ.ក និងក្រុមហ៊ុនគឺដើម្បីធ្វើកិច្ច សហការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងចែកចាយ នូវផលិតផល ដែលក្លែងក្លាយនិងខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីជួយការពារផលប្រយោជន៍ស្របច្បាបើរបស់ក្រុមហ៊ុន ការប្រកបអាជីវកម្ម និងរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុ និងបេសកកម្មថែរក្សាលើកកម្ពស់សុខភាព សាធារណៈជូនប្រជាពលរដ្ឋ៕