ប៉ុស្ដិ៍លេខ៩ និងតារាល្បីៗជាង៣០នាក់ រួមគ្នាផ្ញើសារដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដល់ពុកម៉ែ​បងប្អូនក្រោមប្រធានបទ “បញ្ឈប់កូវីដ១៩ ផ្ដើមចេញពីអ្នក”

5

កាល​ពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២០ ​ម្សិលមិញ​នេះ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៩ និង​តារាល្បីៗ​​ជាង​៣០ នាក់​​បាន​រួម​គ្នា​បង្កើត​សារ​អប់​រំ​ដល់​ពុក​ម៉ែ​បង​ប្អូន​ដើម្បី​ការពារ​​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្រោម​ប្រធាន​បទ​ ” បញ្ឈប់កូវីដ១៩ ផ្ដើមចេញពីអ្នក”។

បើ​តាម​លោក ខេន វណ្ណាថាត ​អ្នក​ផលិតកម្មវិធី និង​ជា​ពិធីករ​ប៉ុស្ដិ៍​លេខ​​៩ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​​អំឡុង​ពេល​នេះ​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​កូវីដ​១៩ កំពុង​តែ​វាយ​លុក​ពិភព​លោក​ក៏​ដូច​ជា​ប្រទេស​កម្ពុជា ទើប​​ខាង​ប៉ុស្ដិ៍​លេខ​៩ និង​បង​ប្អូន​សិល្បៈ​ករ​គ្នា​ចាប់​ដៃ​សហការ​គ្នា​បង្កើត​ជា​សារអប់​រំ​ការ​ពារ​ដល់​ពុក​ម៉ែ​បង​ប្អូន​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​​ដ៏​កាច​សាហាវ​នេះ។

លោក​ថា សារ​អប់​រំ​ដល់​ពុក​ម៉ែ​បង​ប្អូន​ដែល​ប៉ុស្ដិ៍​លេខ​៩ បាន​រៀបចំ​នោះ​មាន​៣ ចំណុច​ធំៗ​៖

ទី១ សុំ​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​កាត់​បន្ថយ​ការ​ជួប​ជុំ​​នៅ​ទីប្រជុំ​ជន​នានា ព្រោះ​យើង​មើល​មិន​ឃើញ​ថា​​បុគ្គល​ណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ នោះទេ។

ទី២ គ្រប់​ពេល​​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​សុំ​ឲ្យ​ពុកម៉ែ​បង​ប្អូន​ពាក់​ម៉ាស់​ការពារ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

ទី៣ ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​​ជា​មួយ​​ទឹក​អាល់​កុល ជេល ឬ សាប៊ូ ​នៅ​ពេល​ត្រឡប់​មក​ពី​ខាង​ក្រៅ​វិញ។

លោក ខេន វណ្ណាថាត បន្ថែម​ថា ចំពោះ​សិល្បករ​សិល្បការិនី ដែល​អញ្ជើញ​មក​ចូល​រួម​ថត​វីដេអូ​ជា​សារ​អប់​រំនេះ​ដែរ​គឺ​ពួក​គាត់​ មក​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត​មិន​បាន​យក​តម្លៃ​ខ្លួន​ក្នុង​ការ​ថត​ឡើយ។ ចំពោះ​វីដេអូ​ដែល​ថត​សារ​អប់រំ​នឹង​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៩ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​រៀងរាល់​ថ្ងៃ​តែម្ដង។

ជា​ចុង​ក្រោយ​លោក សូមអរគុណ​ដល់​​បង​ប្អូន​អ្នក​សិល្បៈ​ទាំង​អស់​ដែល​បាន​​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ចូល​រួម​ជួយ​​ផ្សព្វផ្សាយ​ដល់​ពុក​ម៉ែ​បងប្អូន​នៅ​ក្នុង ប្រទេស​កម្ពុជា​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ ដោយ​មិន​យក​ថវិការ​សូម្បី​តែ​មួយរៀល៕