ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ផ្អាកផ្ដល់ជំនួយដល់ សាលារៀន មន្ទីរពេទ្យ និងវត្តរាម មួយ រយៈសិន ក្រោយក្រសួងប្រកាសមិនឲ្យជួបជុំដើម្បីការពារជំងឺឆ្លងCovid-19

2

ព្រះសង្ឃ​ចិត្ត​ធម៌​ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គង់​នៅ​​វត្តនាគវ័ន​ កុដ​លេខ​២៤ បាន​​ផ្អាក​​ផ្ដល់​ជំនួយ​​ដល់​សាលារៀន មន្ទីរពេទ្យ វត្តអារាម និង​តាម​ភូមិ ឃុំ ស្រុក មួយ​រយៈ​សិន​ក្រោយ​​ពី​ព្រះអង្គ​បាន​សន្យា​ថា​នឹង​ជួយ​ឧបត្ថម្ភ​នា​ពេល​កន្លង​មក​​​នោះ។

មូល​ហេតុ​ដែល​ព្រះតេជ្ជគុណ​​ផ្អាក​ផ្ដល់​ជំនួយ​ដោយ​សារ​តែ​អំឡុង​ពេល​នេះ​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ កូវីដ១៩ កំពុង​តែ​​វាយ​លុក​ខ្លាំង​នៅ​កម្ពុជា ស្រប​ពេល​​ដែល​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ហាម​ប្រាម មិន​ឲ្យ​មាន​ការ​ជួប​ជុំ​នានា ​បើ​មិន​ចាំ​បាច់​ដើម្បី​ទប់​ស្កាត់​​ជំងឺ​​ឆ្លង​មួយ​នេះ។

អាស្រ័យ​ដូច​បាន​ជម្រាប​ខាង​លើព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ក៏​សូម​ខន្តី​អភ័យ​ទោស​ពី​​ព្រះករុណា គ្រប់​ព្រះ​អង្គ​ និង​ញាតិ​ញោម​ទាំង​អស់​​ផង​ដែរ។ ចំណែក​ឯ​រឿង​ផ្ដល់​ជំនួយ​​​នឹង​ធ្វើ​ទៀត​នៅ​ពេល​ណា​នោះ​​ព្រះអង្គ នឹង​ផ្ដល់​ដំណឹង​ឲ្យ​ញាតិ​ញោម​ពុទ្ធបរិស័ទ​បាន​ដឹង​នៅ​ពេល​ក្រោយ​ទៀត។

 

គួរ​រម្លឹក​ថា​ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គឺ​ជា​ព្រះ​សង្ឃ​​មួយ​អង្គ​ដែល​ប្រឡូក​ជាមួយ​កិច្ច​ការ​ងារ​សប្បុរស​ធម៌​ជួយ​ដល់​សង្គម​ និង​ញាតិញោម​ពុទ្ធបរិស័ទ​​ជាច្រើន​ ដោយ​ថវិកា​ទាំង​នោះ​ព្រតេជ្ជគុណ បាន​មក​ពី​ការ​ស្រោច​ទឹក​រំដោះ​គ្រោះ​លើក​រាសី ទស្សទាយ ជា​ដើម៕