
កាលពីយប់ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ចជំនាញនៃកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម) ព្រមទាំងឃាត់ខ្លួនមនុស្សពាក់ព័ន្ធ បានចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់) ដែលនៅក្នុងនោះរួមមានទាំងលលោក William Guang ម្នាក់ថែមទៀតផង។
ក្រោយសមត្ថកិច្ចឃាត់ខ្លួនមហាជនមួយចំនួន មិនបានដឹងថាលោក William Guang ជាអ្នកណាឡើយដូច្នេះនៅថ្ងៃនេះសូមធ្វើការបង្ហាញថាលោកគឺជាអ្នកណា លោក William Guang មានឈ្មោះ សុវណ្ណវនា សារពង្ស។ កន្លងមកលោក បានលើកឡើងថា ម្តាយលោកបានស្លាប់ក្រោយបង្កើតលោកបាន ៧ថ្ងៃក្នុងសម័យប៉ុលពត ហើយក្នុងឆ្នាំ ១៩៨២ ក្រោយរំដោះរបបនោះ ឪពុកលោកបានលាចាកលោកទៀត ដូច្នេះលោកត្រូវរស់នៅជាមួយពូបង្កើត។
ប៉ុន្តែនៅឆ្នាំ ១៩៨៨ ដោយសារជំនួញរបស់ពូលោកក្ស័យធន់ ហើយរត់ទៅបរទេស លោក វីល្លៀម គ័ង ក៏បានរស់នៅតែម្នាក់ឯងគ្មានបងប្អូន ដោយការអាស្រ័យខ្លួននៅវត្តនិរោធ។អំឡុងពេលលោករៀនសាកលវិទ្យាល័យ គឺជាពេលដែលលោក លំបាកបំផុត ព្រោះគ្មានប្រាក់ ដូច្នេះត្រូវបង្ខំចិត្តទៅធ្វើអ្នករត់តុនៅរង្គសាល នាគព័ន្ធ ហើយឆ្លៀតពេលទំនេរទៅធ្វើសំណង់ រៀបឥដ្ឋរកប្រាក់បន្ថែមដើម្បីរៀនសូត្រ ហើយក្រោយពីនោះបានទៅសម្រាកនៅវត្ត។
បុរសវ័យ ៤០ ឆ្នាំមានកំណើតនៅខេត្តបាត់ដំបងរូបនេះ ថាមួយថ្ងៃៗកាលជំនាន់នៅរៀន លោកសឹងតែរកពេលសម្រាកគ្មាន ពោលគឺសម្រាកបានតែ ៣ម៉ោងគត់ ដោយសារលោកធ្វើការចាប់ពីម៉ោង ៦យប់ដល់ម៉ោង ៣ភ្លឺរាល់ថ្ងៃ។ បន្ថែមពីនោះលោកបានរៀនសរសេរអត្ថបទស៊ីជម្រៅដើម្បីលក់ឲ្យកន្លែងនិពន្ធសៀវភៅ រកប្រាក់បន្ថែមទៀត។
លោកក៏ជាអ្នករកស៊ីអចលនទ្រព្យដ៏ល្បីល្បាញមួយរូប និងក៏ជាសេដ្ឋីមានទ្រព្យ ព្រមទាំងផ្ទះវិឡាខ្នាតធំមួយរូបផងដែរ ហើយអ្វីដែលជាពិសេសទៅទៀតនោះ លោកក៏ជាអ្នកនយោបាយ និងក៏ជាប្រធានគណបក្សមួយរូបថែមទៀតផង៕