
វាសនាមនុស្សពិតជាមើលមិនឃើញនោះទេ ថ្ងៃនេះយើងក្រស្ទើរតែរកអង្ករច្រកឆ្នាំងគ្មានថ្ងៃស្អែកយើងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក៏ថាបានអ្វីដែលសំខាន់គឺយើងកុំអស់សង្ឃឹមក្នុងជីវិតហើយតាំងចិត្តតស៊ូជម្នះរាល់ឧបសគ្គតូចធំ។
ជាក់ស្ដែងកំលោះសង្ហាម្នាក់នេះដែលមានអាខោនហ្វេសប៊ុកឈ្មោះ មីស្ទ័រ ធា (Mrr Thea) បានតស៊ូពុះពារតស៊ូជម្នះរាល់ឧបសគ្គតូចធំទាំងអស់ ដោយមិនខ្លាចនឿយហត់ឡើយដើម្បីបំពេញក្ដីស្រម៉ៃរបស់ខ្លួន ទោះបីរូបគេជាក្មេងកំព្រាក្រលំបាកតោកយ៉ាកគ្មានឪពុកម្ដាយជាផ្គត់ផ្គង់ក្ដី តែមិនដែលអស់សង្ឃឹមម្ដងណាទេ ដ៏រ៉ាប់ណារូបគេនៅមានជីវិត។
ការតស៊ូហែលឆ្លងរឿងលំបាកជាច្រើនក្នុងជីវិតមិនបានធ្វើ មីស្ទ័រ ធា ខកបំណងនោះទេនៅទីបំផុតលោក បានចូលប្រឡូកសិល្បៈក្លាយជាតារាចម្រៀង និងបង្ហាញម៉ូដមួយរូបដោយនឹកស្មានមិនដល់តាមក្ដីស្រម៉ៃរបស់ខ្លួន ដែលគ្រប់គ្នាមិនអាចធ្វើបានដូចរូបលោកឡើយ។
ជួបសម្ភាសន៍ជាមួយវិបសាយដើមដូងញូស៍ មីស្ទ័រ ធា បានឲ្យដឹងថា លោកជាក្មេងកំព្រាមួយរូបមកពីខេត្តបន្ទាយមានជ័យ តែដោយសារស្រឡាញ់សិល្បៈទើបលោកសម្រេចចិត្តឡើងមកក្រុងភ្នំពេញ ទោះបីជាមានគេមើលងាយតិះដៀលគ្រប់បែបយ៉ាងក្ដីក៏លោក មិនបានខ្វល់ឬយកខួរក្បាលទៅគិតដែរ តែផ្ទុយទៅវិញលោកយកអ្វីដែលគេមើលងាយតិះដៀលគ្រប់បែបយ៉ាងមកធ្វើជាកំលាំងចិត្តជម្រុញឲ្យលោក កាន់តែខិតខំប្រឹងប្រែងលើសដើម។
ដូច្នេះជាចុងក្រោយ មីស្ទ័រ ធា សូមជម្រុញលើកទឹកចិត្តគ្រប់គ្នាដែលមានក្ដីស្រម៉ៃរបស់ខ្លួន សូមកុំបោះបង់ចោលឬអស់សង្ឃឹមឲ្យសោះ ដ៏រ៉ាប់ណាយើងនៅមានដង្ហើម ត្រូវដាក់គោលដៅឲ្យច្បាស់លាស់នៅអ្វីដែលយើងចង់បាន ទោះបីជាយើងមិនបានជោគជ័យក៏យើងសប្បាយចិត្តព្រោះយើងបានប្រឹងប្រែងធ្វើវាអស់ហើយ ដើម្បីកុំឲ្យយើងសោកស្ដាយនៅថ្ងៃក្រោយ៕