ចន ច័ន្ទលក្ខិណា និង ស្រីតុ ចាប់ដៃគ្នាធ្វើរឿង១ ជូនលោកជំទាវឧកញ៉ា ម៉ែន ចិន្តា ព្រមទាំង​ស្វាមី​ផ្អើល​អស់ពុកម៉ែបងប្អូន៥០០គ្រួសារនៅខណ្ឌពោធិ៍សែនជ័យ

2

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២ ខែឧសភា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​​អ្នកនាង ចន ច័ន្ទលក្ខិណា និង​ អ្នក​នាង សុខ ចាន់ធីតា ហៅ​ស្រីតុ ​តំណាង​ឲ្យ​លោក​ជំទាវ​ឧកញ៉ា ម៉ែន ចិន្តា និង​ស្វាមី បាន​ដឹក​ដៃ​គ្នា​យក​​គ្រឿង​ឧបភោគបរិភោគ​​ជា​ច្រើន​​ទៅ​ចែក​ជូន​ពុកម៉ែ​បងប្អូន ៥០០គ្រួសារ​ ​នៅ​​​​ភូមិត្រពាំងពោធិ៍ និងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ។

និយាយ​រៀបរាប់​ក្នុង​ពិធី​ខាង​លើ​អ្នកនាង ស្រីតុ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​​តែ​មើល​ឃើញ​ពុកម៉ែ​បងប្អូន​ជួប​ភាព​ខ្វះ​ខាត​​អំឡុង​ពេល​កូវីដ​១៩ ​ទើប​​លោក​ជំទាវ​ឧកញ៉ា ម៉ែន ចិន្តា និង​ស្វាមី​ ចាត់​ចែង​ឲ្យ​​ខ្លួន​ អ្នកនាង ចន ច័ន្ទលក្ខិណា និង​ ស្រីពៅមុខឈើ យក​អំណោយ​មក​ចែក​ជូន​ពុក​ម៉ែ​បងប្អូន​នៅ​ថ្ងៃនេះ ព្រោះ​លោក​ជំទាវ​ឧកញ៉ា មិន​អាច​ឱប​ដៃ​ឈរ​មើល​បងប្អូន​ខ្មែរ​យើង​រង​ទុក្ខ​លំបាក​ដោយ​សារ​​ការ​ខ្វះស្បៀង​អាហារ​ហូប​ចុក​នោះ​ទេ។

អ្នកនាង ស្រីតុ បន្ថែម​ថា៖” លោក​ជំទាវឧកញ៉ា​ ម៉ែន ចិន្តា លោក​ពិត​ជា​គិត​គូ​ដល់​ពុកម៉ែ​បងប្អូន​​ខ្លាំង​ណាស់​ត្បិត​ថ្ងៃ​ចែក​ស្បៀង​អាហារ​ជូន​ពុកម៉ែ​បងប្អូន​ គាត់​និង​ស្វាមី​មិន​បាន​មក​ចូល​រួម តែ​លោក​ជំទាវឧកញ៉ា បាន​ផ្ដាំ​ផ្ញើ​ពាក្យ​ពេចន៍​សួរ​សុខទុក្ខ​ពុក​ម៉ែ​បងប្អូន​ផងដែរ។ អ្វី​ដែល​ពិសេស​ជាង​នេះ​លោក​ជំទាវឧកញ៉ា សូម​ឲ្យ​ពុកម៉ែ​បងប្អូន​ចូល​រួម​ទប់​ស្កាត់​ និង​ការពារ​​ពីការ​ឆ្លង​ជំងឺ​កូវីដ​១៩​ទាំង​អស់​គ្នា​​ ដោយ​គោរព​តាម​គោលការ​ណ៍​របស់​រាជរដ្ឋា​ភិបាល​៣កុំ​៣ការពារ”។

ចំណែក​ឯ​អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធាន​សមាគមន៍​សិល្បករ​ខ្មែរ​​បាន​ឲ្យ​ដឹង​ថា អំណោយ​ដែល​លោក​ជំទាវ​ឧកញ៉ា ម៉ែន ចិន្តា យក​មក​ចែក​ជូន​ពុកម៉ែ​បងប្អូន​នៅ​ក្នុង​ថ្ងៃ​នេះ​មាន​ដូច​ជា​ត្រីខ មី ទឹកត្រី និង​អង្ករ ដែល​ជា​ស្បៀង​អាហារ​ដែល​ពុកម៉ែ​បងប្អូន​ត្រូវការ​ជា​ចាំបាច់​អំឡុង​ពេល​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​បិទខ្ទប់​នៃ​ការ​រីករាលដាល​ជំងឺ​កូវីដ១៩។

អ្នកនាង បន្ថែម​ទៀតថា នេះ​មិន​មែន​ជា​លើក​ទី១​នោះ​ទេ ដែល​លោក​ជំទាវ​ឧកញ៉ា ម៉ែន​ ចិន្តា ចាត់​ចែង​ឲ្យ​ក្រុម​ការងារ​យក​ស្បៀង​អាហារ​ទៅ​ចែកជូន​ពុកម៉ែ​បងប្អូន​អំឡុង​ពេល​កូវីដ​១៩ នេះ កន្លង​ទៅ​​ក្រៅ​ពី​ចែក​ជូន​ពុក​ម៉ែ​បងប្អូន​នៅ​រាជធានី​ភ្នំពេញ​លោក​ជំទាវ ក៏​បាន​ចាត់​ចែង​ឲ្យ​ក្រុមការងារ​យក​ទៅ​ចែក​ជូន​ពុកម៉ែ​បងប្អូន​នៅ​តាម​បណ្ដា​ខេត្ត​ ដែល​កំពុង​តែ​ខ្វះ​ស្បៀង​អាហារ​ផង​ដែរ។

និយាយ​រួម​ លោក​ជំទាវ​ឧកញ៉ា និង​ស្វាមី​ មិន​ទុក​ពុកម៉ែ​បងប្អូន​​ចោល​ឲ្យ​ខ្វះ​ខាត​ស្បៀង​អាហារ​ហូប​ចុក​​អំឡុង​ពេល​ជំងឺកូវីដ​១៩​នោះ​ទេ ទោះ​មិន​បាន​ចុះ​ទៅ​ផ្ទាល់​ក៏​លោក​ជំទាវ​ឧកញ៉ា និង​ស្វាមី ចាត់​ចែង​ឲ្យ​ក្រុម​ការងារ​យក​ទៅ​ចែកជូន​ពុកម៉ែបងប្អូន​ដោយ​ផ្ទាល់​ផងដែរ។

ក្រោយ​អ្នកនាង ចន ច័ន្ទលក្ខិណា និង​អ្នកនាង ស្រីតុ  ថ្លែង​ចប់​ក្នុង​កម្មវិធី​​ចែក​អំណោយ​ដ៏​ថ្លៃ​ថ្លា​ខាង​លើ​រួច​មក​ភ្លាម​ៗ​នោះ​ពុកម៉ែ​បងប្អូន​ចំនួន​៥០០គ្រួសារ បាន​ស្រែក​ហ៊ោ​ទះ​ដៃ​ព្រម​ទាំង​លើក​ម្រាម​ដៃ​១០​សំពះ​អរគុណ​លោក​ជំទាវឧកញ៉ា និង​ស្វាមី តែង​តែ​បង្ហាញ​សកម្មភាព​យ៉ាង​​ផុស​ផុល​បំផុត​ជួយ​ដល់​សង្គម ពិសេស​ពេល​ពលរដ្ឋ​ខ្មែរ​ជួប​ការ​លំបាក៕