ក្រោយតានតឹងក្នុងទ្រូងស្ទើរប្រេះឱរ៉ា ឥឡូវនេះលទ្ធផលធ្វើតេស្តកូវីដ១៩លើកទី៣ អ្នកនិពន្ធ​ល្បីឈ្មោះលោក Tho Meet ចេញមកហើយ

1

ក្រោយ​តាន​តឹង​ក្នុង​ទ្រូវ​ស្ទើរ​ប្រេះ​ឱរ៉ា​អស់​រយៈ​ពេល​ច្រើន​ថ្ងៃ​​​កន្លង​ទៅ​នេះ​ឥឡូវ​លទ្ធផល​ធ្វើ​តេស្ដ​កូវីដ​១៩​​លើក​ទី៣​របស់​អ្នក​និពន្ធ​ល្បី​ឈ្មោះ​នៅ​ផលិតកម្ម​ហង្ស​មាស លោក Tho Meet បាន​ចេញ​មក​ហើយ​។

បើ​តាម​លោក Tho Meet ឲ្យ​ដឹង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​មុន​នេះ​បន្ដិច​​ថា​​លទ្ធផល​ធ្វើ​តេស្ត​លើក​ទី៣ របស់​លោក គឺ​​អវិជ្ជមាន ពោល​គឺ​លោក​មិន​មាន​វិជ្ជមាន​កូវីដ១៩​ទេ។ លោក​បាន​ទៅ​ធ្វើ​តេស្ត​លើក​ទី​១​នៅ​ថ្ងៃ​ទី ១០ មីនា  លទ្ធផល​អវិជ្ជមាន។ចំណែក​ឯ​​លើក​ទី​២​នៅ​​ថ្ងៃ​ទី ២០មីនា លទ្ធផល​អវិជ្ជមាន និង​លើក​ទី​៣​នៅ​ថ្ងៃ​ទី ២៧ មីនា ២០២១ ហើយ​លទ្ធផល គឺ​អវិជ្ជមាន​ដូច​គ្នា។

ក្នុង​នោះ​ពុកម៉ែ​បងប្អូន​ដែល​ស្រឡាញ់​​អ្នកនិពន្ធ​លោក​ Tho Meet ជា​ច្រើន​នាក់​បាន​ចូល​រួម​អបអរ​សាទរ​នៅ​លទ្ធផល​លើក​ទី៣​នេះ​ផងដែរ​។ “បាន​ធូរ​ចិត្ត​ហើយ​បង មួយ​រយៈ​កន្លង​មក​នេះ ពិត​ជា​តឹង​ចិត្ត​នៅ​មិន​ស្ងៀម​ចិត្ត​មិន​ស្ងប់ គិត​គ្រប់​រឿង ឥឡូវ​អស់​អី​ហើយ រីករាយ​ធូរ​ចិត្ត​ណាស់!”។

នៅ​ក្នុង​អំឡុង​ពេល​តាម​ដាន​ខ្លួន​ឯង Tho Meet បាន​ទទួល​លាភ​សំណាង​​យ៉ាង​ធំ​ក្នុង​ជីវិត​លោក​ ដោយ​​ភរិយា​របស់​លោក​បាន​ប្រសូត​បាន​បុត្រី​ម្នាក់​ឈ្មោះ វិចិត្រ ស៊ូអ៊ីន​ កើត​នៅ​ថ្ងៃ​អាទិ្យ​ទី ១៤ ត្រូវ​នឹង​ថ្ងៃ​ ១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ពោល​គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ចូល​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩ លើក​ទី១។

ចាប់​តាំង​ពី​រៀបការ​សាង​គ្រួសារ​រហូត​មក​ដល់​ពេល​នេះ​ លោក​ Tho Meet ជាមួយ​នឹងភរិយា​ដ៏​ស្រស់​ស្អាត មាន​បុត្រ​ជា​ចំណង​ដៃ​ចំនួន ៣នាក់​ហើយ ដោយ​កូន​ទី១ និង​កូន​ទី​២​សុទ្ធ​ជា​កូន​ប្រុស។ ដូច្នេះ​ហើយ ពួក​លោក​ពិត​ជា​ចង់​បាន​កូន​ស្រី​ខ្លាំង ហើយ​ឥឡូវ​នេះ​បាន​ដូច​បំណង​ហើយ ហើយ​ លោក​ថា កំណើត​កូន​ទី​៣​របស់​លោក គឺ​ដូច​បាន​មក​កាត់​គ្រោះ​របស់​លោក ដែល​មាន​ការ​ប្រឈម​ខ្លាំង​នឹង​មេរោគ​កាច​សាហាវ ដោយ​សារ​តែ​លោក​បាន​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ សុគន្ធ និសា ដែល​រក​ឃើញ​វិជ្ជមាន កាល​ពី​ដើម​ខែ។

លោក ថ្លែង​ថា “សំណាង​ណាស់​បង​អើយ បើ​សិន​វិជ្ជមាន ម្ល៉េះ​ត្រូវ​គេ​យក​ទៅ​ព្យាបាល​បាត់​ហើយ មិន​បាន​មើល កំដរ​ប្រពន្ធ​ទើប​ឆ្លង​ទន្លេ មិន​បាន​ឃើញ​មុខ​​កូន​កើត​ទេ!”៕