
មានការភ្ញាក់ផ្អើលខ្លាំងណាស់កាលពីម្សិលមិញនេះក្រោយផ្ទុះព័ត៌ពិធីការិនី កែវ ច័ន្ទនិមល និងគ្រួសារឆ្លងជំងឺកូវីដ១៩កំពុងតែសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន ខណៈតារាចម្រៀងហង្សមាសដូចជាអ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា កំពុងតែស្ថិតនៅក្នុងការតាមដាន។
ពាក់ព័ន្ធព័ត៌មានខាងលើនេះដែរឯកឧត្ដម សូវ៉ាត សីលា ត្រូវជាស្វាមីពិធីការិនីអ្នកនាង កែវ ច័ន្ទនិមល បានឲ្យដឹងថាជារឿងមួយនឹកស្មានមិនដល់ដែលក្រុមគ្រួសារឯកឧត្ដមកើតជំងឺកូវីដ១៩ ដូច្នេះលោកនិងភរិយាព្រមទាំងកូនមានតែប្រឈមមុខជាមួយវាដើម្បីរួមគ្នាដោះស្រាយបន្តទៀត។
លោកថា៖”អរគុណពុកម៉ែបងប្អូនដែលបារម្ភពេលនេះខ្ញុំ និងភរិយាព្រមទាំងកូនសុខភាពធម្មតាទេ គ្រាន់តែស្អតក និងរមាស់កបន្តិចបន្តួច។ ដូច្នេះខ្ញុំសូមសំណូមពរឲ្យពុកម៉ែបងប្អូនការពារខ្លួនទាំងអស់គ្នាដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩”។
ពាក់ព័ន្ធការឆ្លងជំងឺកូវីដ១៩នេះដែរ បើតាមហ្វេសប៊ុក « គោលដៅបុរីអ័រគីដេរវិឡា សែន បានបង្ហោះឲ្យដឹងថា ពិធីការិនី កែវ ច័ន្ទនិមល ឆ្លងជំងឺកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះលោក អ៊ិន ទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍) ។
រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មាសអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩ ។
ជុំវិញព័ត៌មានតារាហង្សមាសឆ្លងជំងឺកូវីដ១៩ ដែលបានចែកចាយបន្តគ្នានេះដែរខាង ក្រសួងសុខាភិបាល មិនទាន់ចេញសេចក្ដីប្រកាសពេញលេញនៅឡើយទេ។