
មិនមែនជាតារាចម្រៀងអាជីពនោះទេតែគ្រប់បទចម្រៀងដែលច្រៀងដោយលោកស្រី ទ្រី ដាណា ទទួលបានការគាំទ្រពីពុកម៉ែបងប្អូនយ៉ាងច្រើនលើសលប់បង្ហោះនៅលើហ្វេសប៊ុក និង Youtube បានត្រឹមតែ១ឬ២ថ្ងៃប៉ុណ្ណោះមានអ្នកចូលទស្សនារាប់លានដងឯណោះ។
ជាក់ស្ដែង MV បទ “លួងគេ” របស់លោកស្រី ចេញទើបតែបាន២ថ្ងៃសោះមានអ្នកទស្សនាជិត៤លានដង ចំនួននេះអាចនិយាយបានថាវ៉ាដាច់តារាចម្រៀងមួយចំនួននៅក្នុងស្រុកទៀតផងទោះបីជាលោកស្រី មិនមែនជាតារាចម្រៀងអាជីពតែកាយវិកាពេលសម្ដែងជាមួយសំឡេងស៊ីចង្វាក់គ្នាល្អណាស់មើលទៅជក់ចិត្តខ្លាំងណាស់គ្មានឆ្គងត្រង់ណាឡើយ។
ក្នុងនោះមានហ្វេនៗមួយចំនួនបានចូលទៅ Comment ពេល MV បទ “លួងគេ” របស់លោកស្រី ទ្រី ដាណា ចេញនៅលើហ្វេសប៊ុក និង Youtube ថា៖ ឈ្នះអស់មាសត្រូវហើយ ចែដា មួយបទនេះឡូយខ្លាំងណាស់ មើលហើយសើចតែម្ដង សុំសរសើរចែនិងពូម៉ៅ ពូកែសម្ដែងណាស់ ។ បទហ្នឹងសុំទុករាំលេងពេលចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខហើយចែ”។
ឯអ្នកខ្លះទៀតក៏បាននាំគ្នាលើកឡើងទៀតថា ក្រៅពីចេញចូលរួមជួយកិច្ចការងារសង្គមហើយនោះលោកស្រី ទ្រី ដាណា ថែមនិងស្វាមីថែមទាំងលើកស្ទួយសិល្បៈវប្បធម៌ប្រពៃណីខ្មែរទៀតតាមរយៈបទចម្រៀងរបស់លោកស្រី នាពេលកន្លងមក។ រកឯណាបានអ្នកដែលលក់អនឡាញស្អាតឆ្លាតពូកែដូចលោកស្រីនោះ៕