ហួសចិត្ត! ដើម្បីលុយ១ពាន់ដុល្លារ បុរសម្នាក់សុខចិត្តឲ្យមិត្តស្រីឈរនៅក្រៅផ្ទះរងារញ័រញាក់​ដល់ថ្នាក់ស្លាប់ជាមួយកូនក្នុងផ្ទៃ

3

ជារឿងគួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពី YouTuber ជនជាតិរុស្សីម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីរូប​លោក​បាន​បណ្តាយឲ្យមិត្តស្រីដែលកំពុងមានផ្ទៃពោះ​ឈរ​នៅខាងក្រៅយ៉ផ្ទះ រហូតដល់ស្លាប់​ជាថ្នូរនឹងប្រាក់ ១០០០ ដុល្លារ។

បុរសឈ្មោះStanislav Reshetnikovអាយុ៣០ឆ្នាំដែលមាន​យូធូបផ្ទាល់ខ្លួនឈ្មោះថា Stas Reeflay លោកបានបានបង្ខំមិត្តស្រីអាយុ ២៨ ឆ្នាំឈ្មោះ Valentina​‘Valya’​Grigoryeva​អោយ​ឈរ​នៅយ៉រខាងក្រៅផ្ទះក្នុងអាកាសធាតុត្រជាក់ខ្លាំង ដោយគ្រាន់តែស្លៀ​កពាក់ឈុត​ខោអាវ​ក្នុងតែប៉ុណ្ណោះ ។

ចំពោះ​សកម្មភាពនេះបានមកពីបណ្តាអ្នកកំពុងទស្សនាការផ្សាយផ្ទាល់ ដែលបាន​ផ្តល់ប្រាក់ចំនួន ១.០០០ ដុល្លារ ដើម្បីជាថ្នូរក្នុងការធ្វើសកម្មភាពបែបនេះ ។ គួរបញ្ជាក់​ផងដែរថា កាលពីពេលកន្លង​ទៅ លោកក៏ធ្លាប់ ធ្វើ​អំពើមិនគួរគប្បីទៅលើមិត្តស្រីរបស់ខ្លួនដែរ ដូចជាការបាញ់ស្ព្រេយម្រេច (Pepper Spray) ដាក់លើមុខរបស់ Valentina ទៀតផង។

បើយោងតាមទីភ្នាក់ងារព័ត៌មានបរទេស បានឱ្យដឹងថា Stanislav បន្តផ្សាយតាមយូធូប ដោយ​មិនយក​ចិត្តទុកដាក់ពីមិត្តស្រីរបស់ខ្លួនទេ ។ រហូតទាល់​តែដឹងថា​នាងបានស្លាប់​នៅពីរបីនាទី​ក្រោយ នោះដោយសារតែលោកបានបង្ខំឱ្យមិត្តស្រីចេញទៅខាងក្រៅអាគារ និងទុកឱ្យនាង​រងាត្រជាក់នៅខាងក្រៅ ដោយចាក់សោទ្វារអស់រយៈពេល 15 នាទី។

បន្តិចក្រោយមក Stanislav បានបីមិត្តស្រីរបស់ខ្លួនចូលមកក្នុងផ្ទះវិញ ជាមួយនឹង​ការយំ​សោកស្ដាយ មុនពេលទស្សនិកជន​ដែលកំពុងទស្សនា​ការផ្សាយក៏​បានដឹង​ថានាង​បានស្លាប់​ហើយ។ ក្នុងអំឡុងពេលកំពុងផ្សាយផ្ទាល់ លោកក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ ហើយក្រុមអ្នកជួយសង្គ្រោះក៏បានមកដល់កន្លែងកើតហេតុ និងបានពិនិត្យរួចជូនដំណឹងថា Valentina ពិតជាស្លាប់ពិតប្រាកដមែន។

ឧប្បត្តិហេតុដ៏គួរឱ្យតក់ស្លុតដែលកើតឡើងអំឡុងពេលផ្សាយផ្ទាល់នេះ មានរយៈពេល​ប្រហែល២​ម៉ោងមុនពេលវាត្រូវ​បានបញ្ចប់។រីឯខាងយូធូបផ្ទាល់​ក៏បានបង្ហាញផង​ដែរថា​មាតិកា​​​ដែលបានបង្ហាញមកនេះគឺមិនអាចទទួលយកបានទេ បណ្តាលឱ្យមាន​ការព្យួរគណនី​របស់ Stanislav ដោយខាងយូធូបផ្ទាល់បានលុបវីដេអូឃ្លីបខាងលើចោលទាំងស្រុង ហើយ​ទីបំផុត Stanislav ក៏ត្រូវបានចាប់ខ្លួន ។ ទោះជាយ៉ាងណាប្រសិន​បើច្បាប់រកឃើញថាលោក​ពិតជាមានពិរុទ្ធមែន លោកនឹងត្រូវទទួលការ​ពិន័យអតិបរមាគឺជាប់គុករយៈពេល ១៥ ឆ្នាំ ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ