
បើគិតមកដល់ពេលនេះអ្នកនិពន្ធល្បីឈ្មោះមួយរូបលោក Tho Meet បានចូលផលិតកម្មហង្សប្រហែល២ខែមកហើយ ដោយលោកបានបញ្ចេញស្នាដៃបទចម្រៀងជាច្រើនបទឲ្យតារាចម្រៀងល្បីៗនៅផលិតកម្មខាងលើនេះ ហើយថ្មីៗនេះលោក បានបញ្ចេញស្នាដៃថ្មីមួយទៀតឲ្យអ្នកនាង សុគន្ធ និសា ដល់ថ្នាក់ធ្វើឲ្យស្វាមីរបស់អ្នកនាង ពេញចិត្តស្ដូកគាំងនិយាយលែងចេញតែម្ដង។
មូលហេតុដែលស្វាមីអ្នកនាង សុគន្ធ និសា ពេញចិត្តលោក Tho Meet ដោយសារតែបទ “ប្ដីលើផែនដី អស់ល្អត្រឹមប្ដីអូនហើយ!” និយាយរៀបរាប់ពីស្វាមីដែលល្អយកចិត្តទុកដាក់មើលរក្សាភរិយាចាំផ្ដល់កំលាំងចិត្ត ជួយផ្ដល់ភាពកក់ក្ដៅ និងជួយបំពេញភាពខ្វះខាតរបស់ភរិយាជាទីស្រឡាញ់មិនឲ្យនាង និងកូនខកបំណងឡើយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍គ្រាន់តែបទចម្រៀង “ប្ដីលើផែនដី អស់ល្អត្រឹមប្ដីអូនហើយ!” ដែលច្រៀងដោយអ្នកនាង សុគន្ធ និសា និងពន្ធដោយលោក Tho Meet បានចេញ Video Audio ជាផ្លូវការបានតែ២ថ្ងៃប៉ុណ្ណោះតែមានអ្នកចែកលំលែកតៗគ្នានៅលើប្រព័ន្ធហ្វេសប៊ុកជិត៣ម៉ឺននាក់ឯណោះ។ ចំណែកឯចំនួនអ្នកទស្សនាក្បែរ១លានដង។
ក្នុងនោះក៏មានហ្វេនៗមួយចំនួនបានចូលទៅ Comment ថា៖” បទ ប្ដីលើផែនដី អស់ល្អត្រឹមប្ដីអូនហើយ ដឹងតែធ្វើឲ្យស្វាមីបងនិសា ពេញចិត្តញញឹមបិទមាត់លែងជិតហើយ បើសិនបានឃើញបទភរិយា រៀបរាប់សរសើរពីស្វាមីនោះ។ អរគុណបង Tho Meet ១បទនេះបងធ្វើឲ្យគូស្វាមីភរិយាបងនិសា កាន់តែផ្អែមល្ហែមថែមមួយកម្រិតទៀត។
លោក Tho Meet ដែលជាអ្នកនិពន្ធបទចម្រៀងខាងលើទាំងទំនុកភ្លេង និងទំនុកច្រៀង បានបញ្ជាក់ថាលោករីករាយមែនទែន និងភ្ញាក់ផ្អើលខ្លាំង ព្រោះមិននឹកស្មានថា ស្នាដៃថ្មីរបស់លោកមួយនេះ ទទួលបានការចាប់អារម្មណ៍ពីពុកម៉ែបងប្អូនដល់ថ្នាក់នេះសោះ។
លោកថា ខ្លួនបានចូលអាន Comment របស់ប្រិយមិត្តជាច្រើនទាំងរំភើប ក្នុងនោះលោកថា ពួកគេលើកសរសើរច្រើន។ ” ខ្ញុំឃើញខ្លះគាត់សរសើរលើសាច់ភ្លេង ហើយខ្លះក៏សរសើរចំពោះចំណងជើង ថាប្លែក ទាក់ទាញ និងបង្កប់ដោយមនោសញ្ចេតនាជ្រាលជ្រៅ។ ខ្ញុំសូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រស្នាដៃថ្មីពីខ្ញុំបាទ THO MEETសូមកម្លាំងចិត្តម្នាក់មួយមកខ្ញុំនឹងមានអ្វីដែលថ្មីៗបន្តទៀតសំរាប់បងប្អូន។
Tho Meet បានចូលរួមជាមួយហង្សមាសបានប្រមាណ២ខែហើយ ហើយក្នុងរយៈពេលនេះលោកបានធ្វើបទឲ្យតារាចម្រៀងជួររបស់ហង្សមាសស្ទើរទាំងអស់ច្រៀង ហើយភាគច្រើន គឺទទួលបានការពេញនិយម។ លោកថា បន្តិចទៀត ប្រិយមិត្តនឹងទទួលបានចំណីអារម្មណ៍ប្លែកមួយបែបទៀតនាពេលមិនយូរខាងមុខ៕