ពាក់គ្រឿងពេជ្រជ្រែកខ្លួនតម្លៃរាប់ម៉ឺនដុល្លារឥឡូវ មាស សុវណ្ណរតនា ត្រៀមសម្ពោធ​មុខ​ជំនួញ​ថ្មីខ្ទង់៣០ម៉ឺនដុល្លារ

24

មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​​ជីវិត​រស់​នៅ​របស់​ពិធីការិនី មាស សុវណ្ណរតនា ឡូយ​ឆាយ​ខ្លាំង​ណាស់​​គ្រប់​ពេល​ទៅ​ចូល​រួម​កម្មវិធី​​តូច​ធំ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ម្ដង​ៗ​នាង តែង​តែ​ពាក់​គ្រឿង​ពេជ្រ​ភ្លឺ​ចែង​ចាំង​​រី​ឯ​តម្លៃ​វិញ​មិន​ក្រោម​១០ ម៉ឺន​ដុល្លារ​អាមេរិក​នោះ​ទេ។

ក្រៅ​ពី​ប្រើ​ជីវិត​រស់​នៅ​ឡូយ​ឆាយ​ជាមួយ​សម្ភារៈ​និយម​ថ្លៃ​ៗ​ហើយ​នោះ​ ថ្មីៗ​នេះ​ស្រាប់​តែ​លេច​ឮ​ដំណឹង​ថា​ ពិធី​​ការិនី​រូប​នេះ​ត្រៀម​នឹង​សម្ពោធ​​ហាង​ថែរក្សា​សម្រស់​ដែល​មាន​ឈ្មោះ “NUNA” ដោយ​ចាយ​ដើម​ទុន​​ខ្ទង់​៣០ ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ការ​ទិញ​ផលិតផល​ចូល។

ទាក់​ទង​ដំណឹង​ខាង​លើ​នេះ​ពិធីការិនី មាស សុវណ្ណរតនា បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ ២០២០ ខាង​មុខ​នេះ​អ្នកនាង និង​ស្វាមី ត្រៀម​បើក​ក្រុម​ហ៊ុន​​​ថែរក្សា​សម្រស់​​បុរស​នារី​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​ដែល​មាន​យីហោ “NUNA” ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​ក្រុម​ហ៊ុន ដាណាទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី។

នៅ​ថ្ងៃ​សម្ពោធ​ក្រុម​ហ៊ុន​​​ថែរក្សា​សម្រស់​ NUNA ដែល​មាន​ទីតាំង​នៅ​ បុរីពិភពថ្មី​ឈូកវ៉ា១ នេះ​ដែរ​នឹង​មាន​ការ​អញ្ជើញ​ចូល​រួម​​ជា​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ស្រី ទ្រី ដាណា អគ្គនាយិកា ក្រុម​ហ៊ុន ដាណាទ្រី និង​លោក អគ្គនាយក ហ៊ីង បញ្ញារិទ្ធ ផងដែរ។

ជាមួយ​អារម្មណ៍​រភើប​ស្ទើរ​រក​ពាក្យ​អ្វី​មក​ថ្លែង​ពុំ​បាន មាស សុវណ្ណរតនា បន្ថែមថា៖” កិត្តិយស​ខ្លាំង​ណាស់​សម្រាប់​គ្រួសារ​នាង ខ្ញុំ​ដែល​​លោក​អគ្គនាយក និង​លោក​ស្រី​អគ្គនាយិកា នឹង​អញ្ជើញ​មក​ចូល​រួម​កម្មវិធី​សម្ពោធ​របស់​នាងខ្ញុំ និង​ស្វាមី។ ដូច្នេះ​នាង ខ្ញុំ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​គ្មាន​អ្វី​ក្រៅ​ពី​លើក​ម្រាម​ដៃ​១០​អគុណ​ដល់​លោក​ទាំង​ពីរ​ទេ”។