ក្រោយដឹងកំហុស! ថាខ្លួនជាដើមហេតុរដ្ឋមន្ត្រី ហុង គ្រី ខលសុំទោសកម្ពុជារឿងជំងឺកូវីដ១៩

114

ដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុង គ្រី ឯកឧត្តម ភីធើ ស៊ីចាតូ សម្តែងការសុំទោស​ដល់រដ្ឋាភិ​បាល​កម្ពុជាបន្ទាប់ពីឯកឧត្តមបានធ្វើតេស្តវីរុស កូវីដ-១៩ ឃើញវិជ្ជមាន ពេល​បានទៅដល់ទីក្រុងបាងកក ទឹកដីប្រទេសថៃកាលពីយប់ថ្ងៃអង្គារ៍ ក្រោយបញ្ចប់​ទស្សន​កិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

សារសុំទោសនេះធ្វើឡើងតាមរយៈខ្សែទូរស័ព្ទរវាង ឯកឧត្តម ភីធើ ស៊ីចាតូ ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា។ ក្នុងកិច្ចសន្ទនានោះឯកឧត្តម ភីធើ ស៊ីចាតូ បានថ្លែងថា មុនចាកចេញពីកម្ពុជា​រូបឯក​ឧត្តមនិងគណប្រតិភូបានធ្វើតេស្ត ហើយលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថារូបឯកឧត្តម និងគណប្រតិភូអវិជ្ជមានកូវីដ-១៩។

ជាការឆ្លើយតប ឯកឧត្តម ប្រាក់ សុខុន បានផ្តាំផ្ញើសួរសុខទុក្ខឯកឧត្តម ភីធើ ស៊ីចាតូ និងគណ​ប្រតិភូ នេះបើតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាន​ចេញ​ផ្សាយជាសាធារណនៅថ្ងៃទី ០៦ ខែ វិច្ចកា ឆ្នាំ ២០២០នេះ។

ជាមួយគ្នានេះដែរសម្តេច ហ៊ុន សែន​ បានទទួលស្គាល់ថា រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុង គ្រី ពិតជាបានឆ្លងកូវីដ-១៩ ពិតប្រាកដមែន ប៉ុន្តែសម្រាប់កូន ប្រពន្ធ និងគណប្រតិភូ​ដែល​រួមដំណើរជាមួយឯកឧត្តមមិនមានអ្នកឆ្លងកូវីដ-១៩ទេ។

គួរជំរាបផងដែរថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំង​ប្រទេស​កម្ពុជាមានសរុប ៣០០ នាក់(ស្ដ្រី៦០នាក់ បុរស២៤០នាក់)។ ក្នុងនោះក៏មាន​អ្នកព្យា​បាលជាសះស្បើយមានសរុប ២៨៨ នាក់។ ខណៈនៅអ្នកឆ្លងចំនួន ១២ នាក់ផ្សេងទៀត​កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ដិភាពខ្មែរ-សូវៀត។

តាមការបញ្ជាក់របស់ក្រសួងអ្នកដែលរកឃើញមានផ្ទុកកូវីដ១៩ ចុងក្រោយមានចំនួន ៣ នាក់ដែលក្នុងនោះមានឯកឧត្ដម សូស យ៉ារ៉ា, លោក ស វិត្រា និងឯកអគ្គរដ្ឋទូត​ហុងគ្រី​ប្រចាំកម្ពុជា និងវៀតណាមម្នាក់ផងដែរ ដែលចេញព័ត៌មានកាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា​ ម្សិលមិញនេះ។ ហើយក្នុងនោះអ្នកដែលបានធ្វើតេស្ដប៉ះពាល់ក្នុងព្រឹត្ដិការណ៍ ៣ វិច្ឆិកា មានសរុប ១១៦៦ នាក់ផងដែរ៕