
លោកជំទាវ ប៊ុនណារី អគ្គនាយិកាសាលាអន្តរជាតិ ញូហ្គេតវេយបបានមានប្រសាសន៍ថា ដោយមើលឃើញពីការខ្វះខាតរបស់កីឡាករប្រដាល់លោក អេភូ ថង ទើបលោកជំទាវ ជួយឧបត្ថម្ភដល់កីឡាករជើងចាស់រូបនេះនូវថវិកាចំនួន ១០០០ ដុល្លារនិងឧបត្ថម្ភអង្ករក្នុងមួយខែ១០បាវជារៀងរាល់ខែដើម្បីឲ្យកីឡាករ អេភូ ថង បានជួយដល់កីឡាករដែលមកហាត់រៀននៅក្នុងក្លិបរបស់កីឡាករអេភូថង ។
លោកជំទាវ ប៊ុន ណារី បានមានប្រសាសន៍បន្ថែមទៀតថា នេះគឺជាការល្អបំផុតដែលលោក អេភូ ថង បានខិតខំយកចិត្តទុកដាក់ថែរក្សានិងអភិរក្សក្បាច់គុណបុរាណខ្មែរបន្តទៅក្មេងជំនាន់ក្រោយឲ្យមកហាត់រៀនដោយមិនយកកម្រៃឡើយ និងសូមអោយលោក អេភូ ថង ខិតខំប្រឹងប្រែងតស៊ូបន្តទៅមុខទៀតកុំបោះបង់ ។
ចំណែកលោក អេភូ ថង ក៏បានធ្វើការថ្លែងអំណរគុណដល់លោកជំទាវ ប៊ុន ណារី ថានេះគឺជាទឹកចិត្តដ៏ល្អបំផុតរបស់លោកជំទាវដែលមកជួយដល់កីឡាករស្របពេលដែលក្លិបប្រដាល់របស់លោកកំពុងតែជួបការខ្វះខាតក្នុងការហ្វឹកហាត់និងចិញ្ចឹមបីបាច់ថែរក្សាកីឡាករក្នុងការហាត់ប្រដាល់ក្លិបរបស់ក្នុងក្លិបរបស់លោកហើយមួយវិញទៀតនោះគឺលោកត្រេកអរជាពន់ពេកដោយរកពាក្យអ្វីមកប្រៀបផ្ទឹមពុំបានឡើយ លោករំភើបស្ទើស្រក់ទឹកភ្នែក ។
លោក អេភូ ថង បាននិយាយពាក្យថាចាប់ពីពេលនេះទៅគឺក្លិបរបស់លោកមានសង្ឃឹមហើយគឺលោកនឹងខិតខំបន្តក្នុងការជួយដល់យុវជនជំនាន់ក្រោយឲ្យហាត់រៀននូវក្បាច់គុនបុរាណខ្មែរជាពិសេសនោះគឺសំណូមពរដល់បងប្អូននិងយុវជនដែលស្រឡាញ់នៅក្បាច់គុនបុរាណខ្មែរសូមមកហាត់រៀននៅក្លឹបរបស់លោកចុះគឺលោកមិនយកថវិកាឡើយគឺបង្ហាត់បង្រៀនដោយ free តែម្ដង៕