
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្រោយឃើញសារព័ត៌មាន វៀតណាម មួយបានចុះផ្សាយអាក្រក់ពីកម្ពុជាពាក់ព័ន្ធរឿងការពារសុខភាព។ សម្ដេចតេជោ ថ្លែងដូច្នេះក្នុងពិធីបើកសម្ពោធការដ្ឋានផ្លូវជាតិលេខ១០ នាព្រឹកមិញនេះ។
សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា៖”សារព័ត៌មាន VNA របស់វៀតណាម បានចុះផ្សាយយ៉ាងអាក្រក់ពីកម្ពុជា។ គណៈការពារសុខភាពរបស់វៀតណាម គេណែនាំឱ្យមានការពង្រឹងសុវត្ថិភាពនៃការចេញចូលប្រទេស។ ប៉ុន្តែបែរជាសារព័ត៌មាន VNA ថារឹតបន្តឹងចំពោះពលរដ្ឋដែលមកពីប្រទេសអឺរ៉ុប និងកម្ពុជា។ អ៊ីចឹងកម្ពុជា វាចូលក្នុងចំណាត់ថ្នាក់ ដែលត្រូវវៀតណាមដាក់ ឱ្យនៅជាមនុស្សចម្លែក”។
សម្តេច ហ៊ុន សែន បន្ថែមថា សម្តេចបានប្រាប់ឱ្យរដ្ឋមន្រ្តីការបរទេសកម្ពុជា ធ្វើការតវ៉ាទៅវៀតណាម ជុំវិញការផ្សាយព័ត៌មានខាងលើនេះផងដែរ។ «បើមិនដកទេ ព័ត៌មាន សូមធ្វើកំណត់ទូត តវ៉ាជាមួយវៀតណាមតែម្តងទៅ”៕