
កម្ពុជានិងបណ្តាប្រទេសជាប់ដងទន្លេរមេគង្គនឹងមានអាទិភាពទទួលបានវ៉ាក់សាំងប្រឆាំងវីរុសកូវីដ ១៩ របស់ចិនមុនគេបង្អស់ នៅពេលគេអនុញ្ញាតដាក់ឲ្យប្រើជាផ្លូវការជាសាធារណៈ ដោយមានតម្លៃ ៨៨ ដុល្លារសម្រាប់ចំនួន ២ ដូស (ខ្នាតវ៉ាក់សាំង)។ នេះបើតាមការចុះផ្សាយដោយកាសែត SCMP របស់ចិន។
ក្រៅពីបណ្តាប្រទេសជាប់ដងទន្លេរមេគង្គ ចិនក៏បានសន្យាថានឹងជួយផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ នេះដល់ហ្វីលីពីនឲ្យបានឆាប់បំផុតខណៈចំនួនអ្នកឆ្លងច្រើនដល់ទៅជាង ៣០ ម៉ឺនករណីទៅហើយគិតត្រឹមថ្ងៃចន្ទនេះ។ ចិនរំពឹងថា នឹងអាចដាក់ឲ្យប្រើវ៉ាក់សាំងនេះនៅចុងឆ្នាំ ២០២០ ខាងមុខនេះ ពោលគឺអាចខែធ្នូ។
បច្ចុប្បន្នវ៉ាក់សាំងរបស់ចិន កំពុងតែធ្វើតេស្តសាកល្បងលើអ្នកជំងឺនៅតាមបណ្តាប្រទេសជាច្រើនដូចជា អារ៉ាប់រួម អេមីរ៉េត ប្រទេសបារ៉ែន ប៉េរូ ម៉ារ៉ុក តួកគី បង់ក្លាដែស ប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលសុទ្ធតែស្ថិតក្នុងចំណោមប្រទេសមានអាទិភាពទទួលវ៉ាក់សាំងចិន។
កាសែតដដែលបញ្ជាក់ថា ការផ្តល់វ៉ាក់សាំងជួយដល់បណ្តាប្រទេសជាមិត្តរាប់តាំងពីអាស៊ីដល់អាហ្វ្រិកដូច្នេះ ដោយសារចិនចង់រឹតចំណងមិត្តភាពឲ្យកាន់តែស្អិតល្មួតខ្លាំងឡើង៕
ប្រភព Agkor Post
អត្ថបទ៖ ឈន់ ស៊ាងហៃ