ក្រៅពីជួយឧបត្ថម្ភ១ខែ៨០ម៉ឺនរៀលឥឡូវនេះ ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ជួយថវិកាជាង១ពាន់ដុល្លារដល់គ្រួសារ បេន ទៀត

15

គ្រប់​ពេល​​ដែល​បិតា​អភិរក្ស​ព្រៃឈើ​​លោក បេន មាន​បញ្ហា​ខ្វះខាត​ម្ដង​ៗ​ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គង់​នៅ​កុដលេខ​២៤ នា​វត្តនាគវ័ន តែង​តែ​ចេញ​ព្រះភ័ក្រ្ដ​ជួយ​ឧបត្ថម្ភ​ជានិច្ច​​​ព្រះអង្គ​​មិន​ដែល​ឱប​ដៃឈរ​​មើល​ម្ដង​ណាឡើយ។

បើ​តាម​​ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត  បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​បាន​ឲ្យ​ដឹង​ថា៖”នៅ​ថ្ងៃ​ទី ០៥ ខែមីនា ឆ្នាំ​២០២០ នេះ​​ប្អូន​ប្រុស​ Tan Kimsour បាន​​មក​ទទួល​អំណោយ​ពី​ខ្ញុំ​ព្រះករុណា អាត្មារភាព​ដែល​បាន​ប្រកាស​ចង់​ចូល​រួម​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​ ៥៩០ ដុល្លារ ដល់​បិតា​អភិរក្ស​ ព្រៃឈើ​​គឺលោក បេន។ ក្រៅ​ពី​នេះ​អាត្មារភាព​ក៏​បាន​ជួយ​ប្រេង​ម៉ាស៊ូត​ ៣០កាន​ទៀត​ដល់ លោក​ បេន បើ​គិត​ជា​ប្រាក់​ ៧២០ ដុល្លារ ។ សរុប​ទាំង​អស់​ ១,៣១០ ដុល្លារ”។

ក្រៅ​ពី​​នេះ​ព្រះ​តេជគុណ​ក៏​ជួយ​ឧបត្ថម្ភ​ ថវិកា​ដល់​គ្រួសារ​លោក បេន មួយ​ខែ​​៨០ ម៉ឺន​រៀល​ផង​ដែរ​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ពេញ​គិត​ចាប់​ពី​ខែ មីនា ឆ្នាំ​២០២០ នេះ​ទៅ​។ មួយ​ឆ្នាំ​ពេញ​សរុប​ទាំង​អស់ ២,៤០០ ដុល្លារ។

ចំពោះ​ថវិកា​​ដែល ព្រះ​ព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត យក​ទៅ​ធ្វើ​សប្បុរសធម៌​ដល់​ញាតិ​ញោម​ដែល​ក្រី​​ក្រ​ចាស់​ជរា ក្មេង​កំព្រា គ្មាន​ទីពឹង​គឺ​បាន​មក​ពី​​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​​ឲ្យ​ព្រះអង្គ​ទសទាយ​ស្រោច​ទឹក​ រំដោះ​គ្រោះ​លើក​រាសី​ជាដើម៕